(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រជាពលរដ្ឋអ៉ីស្រាអែលរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវដើម្បីអំពាវនាវឱ្យ មានការបោះឆ្នោតសកលថ្មី និងទាមទារឱ្យរដ្ឋាភិបាលធ្វើសកម្មភាពបន្ថែមទៀត ដើម្បីនាំយកចំណាប់ខ្មាំង ត្រឡប់ពីតំបន់ហ្កាហ្សាវិញដោយសុវត្ថិភាព ខណៈវាគឺជាការតវ៉ាថ្មីចុងក្រោយ ប្រឆាំងនឹងនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។
សកម្មភាពបាតុកម្មតវ៉ាពីសំណាក់ប្រជាជនអ៉ីស្រាអែល បានកើតមានជាបន្តបន្ទាប់ ស្របពេលដែលសង្រ្គាមនៅដែនដីប៉ាឡេស្ទីន ហ្កាហ្សាស្រ្ទីប ឥឡូវនេះ បានអូសបន្លាយពេលជាង៦ខែមកហើយ ខណៈការខឹងសម្បារកាន់តែរីកធំឡើង ជុំវិញចំណាត់ការដោះស្រាយរបស់រដ្ឋាភិបាល ចំពោះចំណាប់ខ្មាំងជាជនជាតិអ៉ីស្រាអែល ប្រមាណ១៣៣នាក់ទៀត ដែលកំពុងបន្តស្ថិតក្នុងកណ្តាប់ដៃរបស់ក្រុមហាម៉ាស។
បើយោងតាមការស្ទង់មតិ ប្រជាជនអ៉ីស្រាអែលភាគច្រើន បន្ទោសលោក Netanyahu សម្រាប់ភាពបរាជ័យផ្នែកសន្តិសុខ ដែលថ្លោះធ្លោយឱ្យកើតមាន ព្រឹត្តិការណ៍វាយប្រហារដ៏កក្រើកពីសំណាក់ក្រុមហាម៉ាស លើសហគមន៍នៅភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលជាពេលចាប់ផ្តើមផ្ទុះឡើង នៃសង្រ្គាមហ្កាហ្សាបច្ចុប្បន្ន។ លោក Netanyahu ដែលជានាយករដ្ឋមន្រ្តីអ៉ីស្រាអែល កាន់អំណាចយូរបំផុត បានច្រានចោលម្តងហើយម្តងទៀត នូវលទ្ធភាពរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ដែលការស្ទាបស្ទង់មតិបានឱ្យតំរុយថា រូបលោកអាចនឹងចាញ់ ក្រោមហេតុផលថា ការបោះឆ្នោតអំឡុងពេលមានសង្រ្គាមបែបនេះ នឹងបម្រើដល់ផលប្រយោជន៍របស់ក្រុមហាម៉ាស មិនខាន។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដឹកនាំដោយហាម៉ាស បានចាប់មនុស្ស២៥៣នាក់ជាចំណាប់ខ្មាំង អំឡុងការវាយប្រហារថ្ងៃ៧ តុលា ដែលបានសម្លាប់មនុស្សសរុបប្រហែល១,២០០នាក់ បើតាមការអះអាងរបស់អាជ្ញាធរអ៉ីស្រាអែល។ ចំណាប់ខ្មាំងមួយចំនួន ត្រូវបានដោះលែងវិញ អំឡុងបទឈប់បាញ់ខែវិច្ឆិកា ប៉ុន្តែកិច្ចប្រឹងប្រែងដើម្បីសម្រេចបាន កិច្ចព្រមព្រៀងថ្មី ហាក់កំពុងបន្តជាប់គាំង។ លោក Netanyahu បានប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តសង្រ្គាមនៅហ្កាហ្សា ដែលគិតមកទល់ពេលនេះ បើតាមអាជ្ញាធរសុខាភិបាលនៅទីនោះ គឺបានផ្តាច់ជីវិតមនុស្សលើស៣៤,០០០នាក់ហើយ៕