(តូក្យូ)៖ មន្រ្តីជប៉ុនបានឱ្យដឹងថា នៅថ្ងៃអាទិត្យនេះ មនុស្សម្នាក់បានបាត់បង់ជីវិត និង៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធាជប៉ុន ចំនួន២គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Minoru Kihara បាននិយាយថា ឧទ្ធម្ភាគចក្រទាំង២គ្រឿង បានជួបឧបទ្ទវហេតុ អំឡុងការធ្វើលំហាត់សមទប់ទល់នាវាមុជទឹកនាពេលយប់ ខណៈខាងក្រសួងការពារជាតិជប៉ុន យកបានឧបករណ៍កត់ត្រាទិន្នន័យហោះហើរហើយ និងកំពុងតែវិភាគរកមូលហេតុដែលបណ្តាលឱ្យ ឧទ្ធម្ភាគចក្រទាំង២គ្រឿងធ្លាក់ ក្នុងនោះរួមមានទាំង លទ្ធភាពនៃការបុកគ្នាលើផ្ទៃអាកាស។
បើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ឧទ្ធម្ភាគចក្រទាំង២គ្រឿង បានធ្លាក់អំឡុងការហ្វឹកហ្វឺននាពេលយប់ នៅក្បែរទីប្រជុំកោះ Izu នៃមហាសមុទ្រប៉ាស៉ីហ្វិក។ ការទាក់ទងជាមួយឧទ្ធម្ភាគចក្រ១គ្រឿង បានដាច់កាលពីម៉ោង១០៖៣៨នាទីយប់ថ្ងៃសៅរ៍ នៅក្បែរកោះ Torishima ហើយប្រមាណជា២៥នាទីក្រោយមក គឺនៅខ្ទង់ម៉ោង១១៖០៤នាទីយប់ថ្ងៃដដែល កងកម្លាំងស្វ័យការពារជប៉ុន បានដឹងថា ការទាក់ទងជាមួយឧទ្ធម្ភាគចក្រ១គ្រឿងទៀត ក៏បានដាច់នៅតំបន់ដូចគ្នានោះផងដែរ។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២៣ ឧទ្ធម្ភាគចក្រយោធាជប៉ុន១គ្រឿង ផ្ទុកមនុស្ស១០នាក់ បានធ្លាក់នៅក្បែរកោះ Miyako នៃខេត្ត Okinawa ហើយពុំមានអ្នករួចរស់ជីវិតឡើយ។ រីឯកាលពីខែមករា ឆ្នាំ២០២២ យន្តហោះចម្បាំងជប៉ុន១គ្រឿង បានធ្លាក់ចូលសមុទ្រនៅក្បែរតំបន់ Ishikawa ផ្តាច់ជីវិតពីឡុត២នាក់។ កាលពីខែវិច្ឆិកា ឆ្នាំមុន យន្តហោះ Osprey ១គ្រឿង របស់យោធាអាមេរិក ក៏បានធ្លាក់ចូលសមុទ្រនៅប្រទេសជប៉ុនផងដែរ ហើយបណ្តាលឱ្យមនុស្ស៨នាក់ ដែលជិះនៅលើនោះ ស្លាប់ទាំងអស់៕