(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ សភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកាជំនួយដ៏ធំសម្បើមមួយ សម្រាប់អ៊ុយក្រែន អ៉ីស្រាអែល ព្រមទាំងតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។
កញ្ចប់ថវិកាខាងលើមានទំហំសរុបរហូតដល់ ៩៥ពាន់លានដុល្លារ ខណៈព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នឹងត្រូវធ្វើការបោះឆ្នោតសម្រេចចំពោះកញ្ចប់ថវិកានោះ នៅអំឡុងសប្តាហ៍ក្រោយ មុនពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អាចចុះហត្ថលេខាជាផ្លួវការ។ ក្នុងចំណោមថវិកាជំនួយជិត១០០ពាន់លានដុល្លារនោះ ប្រមាណ៦០.៨៤ពាន់លានដុល្លារ នឹងត្រូវផ្តោតទៅលើវិបត្តិសង្រ្គាមនៅអ៊ុយក្រែនជាចម្បង ក្នុងនោះ២៣ពាន់លានដុល្លារ សម្រាប់បំពេញអាវុធក្នុងស្តុករបស់យោធាអាមេរិកឡើងវិញ, ២៦ពាន់លានដុល្លារសម្រាប់វិបត្តិសង្រ្គាមអ៉ីស្រាអែល ក្នុងនោះ៩.១ពាន់លានដុល្លារ សម្រាប់តម្រូវការផ្នែកមនុស្សធម៌, និង៨.១២ពាន់លានដុល្លារ សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ក្នុងនោះរួមមានទាំងសម្រាប់កោះតៃវ៉ាន់។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោន គឺជាអ្នកគាំទ្រសព្វាវុធធំបំផុតរបស់ទីក្រុងកៀវ នៅក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដែលបានផ្ទុះឡើងចាប់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក ប៉ុន្តែសភាអាមេរិក មិនបានអនុម័តកញ្ចប់ថវិកាជំនួយ ទ្រង់ទ្រាយធំណាមួយឡើយ សម្រាប់អ៊ុយក្រែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២២មក ដោយសារបញ្ហាខ្វែងគំនិតគ្នារវា ងបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខសម្តែងការអរគុណ ខណៈកន្លងមកនេះ រូបលោកបានលើកឡើងថា ប្រសិនបើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកទេ នោះប្រទេសរបស់លោកនឹងចាញ់សង្រ្គាមមិនខាន៕