(ប៉េកាំង)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា តំបន់ប៉ាស៉ីហ្វិកខាងត្បូង មិនគួរក្លាយជាសង្វៀនសម្រាប់ការប្រជែងឥទ្ធិពលគ្នា រវាងប្រទេសមហាអំណាចឡើយ ហើយលោកបានបន្ថែមថា ការជួយជ្រោមជ្រែងរបស់ទីក្រុងប៉េកាំង សម្រាប់បណ្តាប្រទេសនៅទីនោះ គឺមិនមានភ្ជាប់លក្ខខណ្ឌនយោបាយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២១ ខេមេសា ឆ្នាំ២០២៤។
លោក Wang បានថ្លែងដូចខាងលើក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីប៉ាពូអាស៉ីនូវែលហ្គីណេរបស់លោក អំឡុងការបំពេញទស្សនកិច្ចទៅកាន់ ប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ។ លោកប្រមុខការទូតចិន បានលើកឡើង ដូច្នេះថា «តំបន់ប៉ាស៉ីហ្វិកខាងត្បូង មិនគួរក្លាយជាកន្លែងសម្រាប់ឱ្យប្រទេសមហាអំណាចលេងហ្គេមឡើយ ហើយមិនគួរមានប្រទេសណាមួយ ចាត់ទុកក្រុមប្រទេសដែនកោះនៅទីនេះ ជាសួនច្បារក្រោយផ្ទះរបស់ខ្លួន ឬលេងល្បែងយកឈ្នះ-ចាញ់ និងបង្កើតការរៀបចំបែបផ្តាច់មុខនោះទេ»។
លោក Wang បានបន្តទៀតថា ការធ្វើប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការរបស់ចិន ជាមួយក្រុមប្រទេសដែនកោះនៅប៉ាស៉ីហ្វិកខាងត្បូង គឺផ្តោតទៅលើការគាំទ្រនិងជ្រោមជ្រែងគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម ដោយពុំភ្ជាប់ជាមួយនូវផលប្រយោជន៍ផ្ទាល់ខ្លួន នៃភូមិសាស្រ្តនយោបាយឡើយ។
គួរបញ្ជាក់ថា តំបន់ប៉ាស៉ីហ្វិកបានក្លាយជា ប្រភពមួយនៃសកម្មភាពប្រកួតប្រជែងឥទ្ធិពលគ្នាយ៉ាងស្វិតស្វាញ រវាងទីក្រុងវ៉ាស៉ីនតោន ដែលជាយូរមកហើយ បានចាត់ទុកតំបន់នោះ ជាកន្លែងស្ថិតនៅក្រោមដែនឥទ្ធិពលរបស់ខ្លួន ហើយនិងទីក្រុងប៉េកាំង ដែលបានកំណត់គោលដៅលើសម្ព័ន្ធមិត្តការទូតរបស់តៃវ៉ាន់ នៅទីនោះ។ កោះតៃវ៉ាន់ ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ប្រទេសចិន ប៉ុន្តែមានសហរដ្ឋអាមេរិក ជាខ្នងបង្អែក៕