(អាស៊ាន)៖ ក្រុមប្រទេសអាស៊ានបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ថា ខ្លួនមានក្តីកង្វល់យ៉ាងជ្រាលជ្រៅអំពី ការកើនឡើងខ្លាំងនាពេលថ្មីៗនេះ នៃសកម្មភាពប្រយុទ្ធគ្នា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ពោលគឺក្រោយមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងកងកម្លាំងរបបសឹកមីយ៉ាន់ម៉ា និងក្រុមចលនាតស៊ូប្រដាប់អាវុធ នៅក្រុងពាណិជ្ជកម្មសំខាន់មួយ ក្បែរព្រំប្រទល់ប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន បាននិយាយថា សមាគមអាស៊ានមានក្តីព្រួយបារម្ភជាខ្លាំង ជុំវិញការកើនឡើងកម្តៅនៃជម្លោះនាពេលថ្មីៗនេះ រួមទាំងនៅតំបន់ក្រុង Myawaddy និងបានទទូចឱ្យភាគីទាំងអស់ បញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១មក។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសម្រេចដកថយកងកម្លាំងរបស់ខ្លួន ចេញពីក្រុង Myawaddy ក្រោយចំណាយពេលប្រយុទ្ធតតាំងអស់ជាច្រើនថ្ងៃ ជាមួយក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច Karen National Union ហៅកាត់ KNU ព្រមទាំងក្រុមចលនាតស៊ូដទៃទៀត ដែលប្រឆាំងរបបដឹកនាំរបស់ខ្លួន។
គួរបញ្ជាក់ថា វាគឺជាបរាជ័យថ្មីចុងក្រោយមួយទៀតសម្រាប់របបសឹកមីយ៉ាន់ម៉ា ដែលប៉ុន្មានខែមកនេះ បានទទួលបរាជ័យជាបន្តបន្ទាប់នៅលើសមរភូមិ ខណៈក្រុមអ្នកវិភាគមួយចំនួនមើលឃើញថា វាគឺជាការគំរាមកំហែងដ៏ធំបំផុត សម្រាប់រដ្ឋាភិបាលយោធា គិតមកទល់ពេលនេះ។ ក្រុង Myawaddy គឺជាច្រកធ្វើពាណិជ្ជកម្មចម្បងបំផុតរបស់មីយ៉ាន់ម៉ា ជាមួយប្រទេសថៃ ហើយក្នុងមួយឆ្នាំៗ តែងមើលឃើញលំហូរពាណិជ្ជកម្ម ទំហំមិនក្រោម១ពាន់លានដុល្លារឡើយ។
ការកើនឡើងនៃការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បានបណ្តាលឱ្យមនុស្សជាច្រើន នាំគ្នារត់ភៀសខ្លួនឆ្លងព្រំដែនចូលទៅកាន់ប្រទេសថៃ ជាទីដែលស្នូរកាំភ្លើងនិងសំឡេងគ្រាប់ផ្លោង អាចត្រូវស្តាប់លឺ។ រដ្ឋាភិបាលទីក្រុងបាងកក បាននិយាយថា ខ្លួនត្រៀមលក្ខណៈជាស្រេច ដើម្បីទទួលយកជនភៀសខ្លួនពីមីយ៉ាន់ម៉ា ប៉ុន្តែរដ្ឋមន្រ្តីការបរទេសថៃ បានព្រមានថា ប្រទេសថៃនឹងមិនអត់ឱនដាច់ខាត ចំពោះសកម្មភាពរំលោភបំពានណាមួយ មកលើអធិបតេយ្យរបស់ខ្លួន៕