(ព្រុចសែល)៖ បណ្តាមេដឹកនាំសហភាពអឺរ៉ុប (EU) បានសម្រេចកាលពីថ្ងៃពុធសប្តាហ៍នេះ ថានឹងបង្កើនការដាក់ទណ្ឌកម្មប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលរបស់ទីក្រុងតេហេរ៉ង់លើអ៉ីស្រាអែល ស្របពេលមហាអំណាចពិភពលោកកំពុងនាំគ្នាប្រឹងប្រែងទប់ស្កាត់កុំឱ្យជម្លោះទ្រង់ទ្រាយធំផ្ទុះឡើងក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ ២០២៤។

កិច្ចប្រជុំកំពូលនៅឯទីក្រុងព្រុចសែល ប្រទេសស្វីស គឺជាជំនួបលើកដំបូងនៃមេដឹកនាំប្រទេសសមាជិកទាំង២៧ ចាប់តាំងពីការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន និងជាង ៦ខែនៃសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសគាំទ្រដោយអ៉ីរ៉ង់។ ស្របពេលដែលអ៉ីស្រាអែលផ្តល់សញ្ញាថាត្រូវតែសងសឹក បណ្តាមេដឹកនាំសហភាពអឺរ៉ុប ក៏បានថ្កោលទោសការវាយប្រហាររបស់អ៉ីរ៉ង់នេះផងដែរ ហើយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះសន្តិសុខអ៉ីស្រាអែល ប៉ុន្តែបានអំពាវនាវឱ្យភាគីទាំងអស់ទប់ស្កាត់ ភាពតានតឹងបន្ថែមទៀត រួមទាំងនៅក្នុងប្រទេសលីបង់។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានគូសបញ្ជាក់ថា «យើងគិតថា វាពិតជាមានសារសំខាន់ក្នុងការធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យអ៉ីរ៉ង់ឯកា។ ទណ្ឌកម្មថ្មីនេះ នឹងកំណត់ គោលដៅលើក្រុមហ៊ុនដែលពាក់ព័ន្ធនឹងផលិតកម្មដ្រូន និងមីស៉ីលរបស់អ៉ីរ៉ង់»។ ដោយឡែក អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និយាយថា «វាជារឿងសំខាន់ដែលអ៉ីស្រាអែល មិនឆ្លើយតបដោយការវាយប្រហារទ្រង់ទ្រាយធំ»

គួរបញ្ជាក់ថា ក្រុមរដ្ឋមន្រ្តីការបរទេសរបស់សហភាពអឺរ៉ុប គ្រោងបន្តការងារលើការដាក់ចេញនូវទណ្ឌកម្ម នាថ្ងៃចន្ទសប្តាហ៍ក្រោយ ខណៈដែលសហរដ្ឋអាមេរិក ក៏ដូចជា សម្ព័ន្ធមិត្តលោកខាងលិចលរំពឹងថា ចំណាត់ការថ្មីប្រឆាំងអ៉ីរ៉ង់អាចជួយបន្ធូរបន្ថយ ដល់កម្រិតសងសឹករបស់អ៉ីស្រាអែលចំពោះអ៉ីរ៉ង់៕