(វ៉ាស៊ីនតោន)៖ ការវាយប្រហារដោយដ្រូន និងមីស៊ីលទ្រង់ទ្រាយធំរបស់អ៉ីរ៉ង់ លើអ៉ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ ទី១៣ ឈានចូលថ្ងៃអាទិត្យ ទី១៤ ខែមេសា កន្លងទៅ មិនបានបង្កការខូចខាតធំដុំអ្វីនោះទេ ប៉ុន្តែមេដឹកនាំអ៉ីស្រាអែលបានគំរាមថាដាច់ខាតត្រូវតែសងសឹកលើអ៉ីរ៉ង់វិញ។ ការវាយប្រហាររបស់អ៉ីរ៉ង់ដោយប្រើដ្រូន និងមីស៊ីល ជាង៣០០គ្រឿង និងគ្រាប់ ធ្វើឡើងជាការសងសឹកទៅនឹងការវាយប្រហាររបស់អ៉ីស្រាអែល លើស្ថានកុងស៊ុលអ៉ីរ៉ង់ប្រចាំរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា ដែលបានសម្លាប់មនុស្ស ៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍អ៉ីរ៉ង់២នាក់។

បើគង់តែប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល មានសមត្ថភាពខ្ពស់ គួបផ្សំនឹងការជួយបាញ់ទម្លាក់ដ្រូន និងមីស៊ីលអ៉ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក អង់គ្លេស និងហ្ស៊កដានី ម្ល៉េះអ៉ីស្រាអែលអាចនឹងរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ហើយសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាក៏ប្រហែលជានឹងផ្ទុះឡើងដែរ។ ការវាយប្រហាររបស់អ៉ីរ៉ង់ មិនបានបង្កការខូចខាតធ្ងន់ធ្ងរនោះទេ តែផ្ទុយទៅវិញ វាបែរជាធ្វើឱ្យអ៉ីស្រាអែលទទួលបានការគាំទ្រជាថ្មីពីបណ្ដាប្រទេសលោកខាងលិច និងរួចផុតមួយរយៈពី ការរិះគន់ពាក់ព័ន្ធនឹងសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា។ ក៏ប៉ុន្តែ ដោយគំរាមថានឹងសងសឹកអ៉ីរ៉ង់វិញ មេដឹកនាំអ៉ីស្រាអែលកំពុងប្រឈមមុខនឹងសំណួរ ២ដ៏សំខាន់ នោះគឺថាតើអ៉ីស្រាអែលគួរតែសងសឹកអ៉ីរ៉ង់វិញដែរឬទេ? ហើយបើត្រូវសងសឹកមែន តើត្រូវធ្វើវាដោយរបៀបណា?

ជាផ្នត់គំនិតរបស់រដ្ឋាភិបាលអ៉ីស្រាអែល និងដោយសារតែមានសត្រូវច្រើនពេកនៅក្នុងតំបន់មជ្ឈិមបូព៌ា សន្តិសុខរបស់អ៉ីស្រាអែលគឺវាអាស្រ័យលើការធ្វើឱ្យសត្រូវ ខ្លាចរអា មិនហ៊ានគំរាមកំហែងដល់អ៉ីស្រាអែល ហើយនរណាក៏ដោយឱ្យតែហ៊ានប៉ះអ៉ីស្រាអែលកុំសង្ឃឹមថារួចខ្លួន។ បើតាមក្រុមអ្នកវិភាគលោកខាងលិចជាច្រើន អ៉ីស្រាអែល អាចនឹងបើកការវាយប្រហារសងសឹកលើអ៉ីរ៉ង់ដើម្បីស្ដារ «ការកំញើញទប់ស្កាត់» ឡើងវិញ ដោយសារតែការវាយប្រហាររបស់អ៉ីរ៉ង់ ទោះជាមិនបានបង្ក ការខូចខាតធុំដុំ តែវាជាការវាយប្រហារដោយផ្ទាល់ និងបើកចំហជាលើកដំបូងបំផុតរបស់តេហេរ៉ង់ ប្រឆាំងនឹងអ៉ីស្រាអែល ដែលនេះតម្រូវឱ្យមានវិធានការឆ្លើយតប វិញ។

ការកំញើញទប់ស្កាត់ប្រឆាំងនឹងអ៉ីរ៉ង់ ពិតជាមានសារៈសំខាន់បំផុត ដ្បិតអ៉ីស្រាអែលមានការព្រួយបារម្ភចំពោះការរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ទោះតេហេរ៉ង់ មិនទាន់ផលិតបានគ្រាប់បែកនុយក្លេអ៊ែរក៏ពិតមែន។ អ៉ីស្រាអែលបារម្ភថាអ៉ីរ៉ង់អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្លុតគំរាម ឬវាយប្រហារលើអ៉ីស្រាអែល ប្រសិនបើ ការកំញើញទប់ស្កាត់របស់ខ្លួនសាបរលាប។ លើសពីនេះទៅទៀត មេដឹកនាំអ៉ីស្រាអែលក៏ចង់ធ្វើការធានាជូនប្រជាជនរបស់ខ្លួនផងដែរថា «ពួកគេចាំបាច់ត្រូវតែដឹងថា រដ្ឋាភិបាលនឹងការពារពួកគេប្រឈមមុខនឹងការគំរាមកំហែងពីសត្រូវ»។ ប៉ុន្តែ ក្រុមអ្នកវិភាគខ្លះក៏យល់ឃើញដែរថាអ៉ីស្រាអែលមិនអាចសម្រេចគោលដៅ២ ក្នុងពេល តែមួយបាននោះទេ នោះគឺវាយអ៉ីរ៉ង់ផង និងធ្វើសង្រ្គាមជាមួយក្រុមហាម៉ាសផង ខណៈហានិភ័យផ្ទុះសង្រ្គាមជាមួយក្រុម Hezbollah កំពុងស្ថិតក្នុងកម្រិតខ្ពស់។ ពីព្រោះថាសង្រ្គាម ឬជម្លោះជាមួយអ៉ីរ៉ង់ តម្រូវឱ្យអ៉ីស្រាអែលត្រូវចំណាយធនធានយ៉ាងសន្ធឹក ហើយចាំបាច់បំផុតត្រូវមានការគំាទ្រពីសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទភ្លាមៗ ក្រោយការវាយប្រហារ របស់អ៉ីរ៉ង់ថា សហរដ្ឋអាមេរិកនឹងមិនគាំទ្រឱ្យអ៉ីស្រាអែលវាយបកសងសឹកលើអ៉ីរ៉ង់វិញនោះទេ និងបញ្ជាក់ថា «ការទប់ស្កាត់ការវាយប្រហាររបស់អ៉ីរ៉ង់គឺជាជ័យជម្នះ មួយដែលអ៉ីស្រាអែលគួរតែទទួលយក»។ តែបើដាច់ខាតត្រូវតែសងសឹកអ៉ីរ៉ង់ អ៉ីស្រាអែលអាចមានជម្រើសយ៉ាងហោច៤ ដែលក្នុងជម្រើសទាំងនេះសុទ្ធតែមាន ដែនកំណត់ និងគុណវិបត្តិ។ *ជម្រើសទី១៖ អ៉ីស្រាអែលអាចនៅស្ងៀមមិនធ្វើអ្វីសោះដើម្បីបន្ធូរបន្ថយភាពតានតឹង ដោយព្រមទទួលយកនូវអ្វីដែលលោក បៃដិន បាននិយាយថា «ឈ្នះហើយ គួរតែទទួលយក»។ ការធ្វើបែបនេះអាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកសប្បាយចិត្ត រីឯសហគមន៍អន្តរជាតិធូរទ្រូង និងធ្វើឱ្យ មេដឹកនាំអ៉ីស្រាអែលក្លាយជាមេដឹកនាំប្រកបដោយហេតុផលម្នាក់ ក្នុងបរិបទកំពុងរងការថ្កោលទោសថាជាមេដឹកនាំល្មោភសង្រ្គាម។ ប៉ុន្តែការនៅស្ងៀមមិនធ្វើអ្វីសោះ អាចនឹងធ្វើឱ្យសាធារណៈមតិអ៉ីស្រាអែលមិនសប្បាយចិត្ត។ នៅក្នុងផ្នត់គំនិតរបស់ជនជាតិអ៉ីស្រាអែល ពួកគេបារម្ភថាអ៉ីរ៉ង់នឹងកាន់តែបានចិត្ត ប្រសិនបើអ៉ីស្រាអែល មិនបានផ្ដល់មេរៀនដល់ទីក្រុងតេហេរ៉ង់សម្រាប់ការវាយប្រហារលើអ៉ីស្រាអែលទេនោះ ហើយសត្រូវដទៃទៀតក៏អាចនឹងយកតម្រាប់តាមដែរ។

ជម្រើសទី២៖ វាយប្រហារតាមផ្លូវអាកាសដោយបើកចំហ និងដោយផ្ទាល់លើគោលដៅក្នុងទឹកដីអ៉ីរ៉ង់ ក្នុងនោះរួមមានមូលដ្ឋានទ័ពអាកាស ឬមូលដ្ឋានបាញ់មីស៊ីល ឬទីតាំងនុយក្លេអ៊ែរណាមួយរបស់អ៉ីរ៉ង់។ ការវាយប្រហារនេះអាចកាត់បន្ថយសមត្ថភាពអ៉ីរ៉ង់បានតិចតួច តែអាចជាការបញ្ជូនសារមួយទៅកាន់ទីក្រុងតេហេរ៉ង់ថា «អ៉ីរ៉ង់អាចនឹងឈឺចាប់ខ្លាំងជាងនេះទៀត បើហ៊ានបើកការវាយប្រហារលើអ៉ីស្រាអែល»។ ហានិភ័យនៃការវាយប្រហាររបៀបនេះនោះគឺអ៉ីរ៉ង់អាចនឹងដុតបញ្ឆេះជម្លោះ នៅក្នុងតំបន់ទាំងមូល តាមរយៈការបញ្ជាឱ្យក្រុម Proxy របស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា តួយ៉ាងដូចជាក្រុម Hezbollah វាយប្រហារលើទឹកដីអ៉ីស្រាអែល ឬកងទ័ពអាមេរិក ក្នុងតំបន់។ ណាមួយ ការធ្វើសង្រ្គាម ឬផ្ទុះជម្លោះជាមួយអ៉ីរ៉ង់ វានឹងតម្រូវឱ្យអ៉ីស្រាអែលត្រូវប្រមូលធនធានចំាបាច់ខ្លះៗចេញពីតំបន់ហ្កាហ្សា និងនៅតាមព្រំដែនជាប់ លីបង់។ កាន់តែសំខាន់ជាងនេះទៅទៀត ការវាយប្រហារលើទឹកដីអ៉ីរ៉ង់ អ៉ីស្រាអែលក៏ត្រូវតែមានការគាំទ្រពីសហរដ្ឋអាមេរិកផងដែរ។

ជម្រើសទី៣៖ បង្កើនវាយប្រហារដោយសម្ងាត់លើអ៉ីរ៉ង់ ក្នុងនោះរួមមានការវាយប្រហារ cyberattack លើហេដ្ឋារចនាសម្ព័ន្ធយោធាអ៉ីរ៉ង់។ អ៉ីស្រាអែលត្រូវបាន គេរាយការណ៍ថាបានដឹកនាំការវាយប្រហារ cyberattack លើរោងចក្រនុយក្លេអ៊ែរ Natanz ក្នុងទឹកដីអ៉ីរ៉ង់កាលពីឆ្នាំ២០២១។ ជម្រើសទី៤៖ គឺអ៉ីស្រាអែលអាចបន្ត វាយប្រហារប្រឆាំងមេដឹកនាំយោធា និងមូលដ្ឋានយោធាអ៉ីរ៉ង់នៅខាងក្រៅទឹកដីអ៉ីរ៉ង់ ឬក្រុម Proxy របស់អ៉ីរ៉ង់ណាមួយនៅក្នុងតំបន់ ដូចជានៅស៊ីរីជាដើម។ អ៉ីរ៉ង់បាន ចោទប្រកាន់ថាអ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសលើស្ថានកុងស៊ុលរបស់ខ្លួនក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី ដោយសម្លាប់មនុស្ស៧នាក់ ក្នុងនោះមាន ឧត្តមសេនីយ៍អ៉ីរ៉ង់២នាក់ ហើយការវាយប្រហារនេះដែរគឺជាមូលហេតុនៅពីក្រោយភាពតានតឹងសព្វថ្ងៃរវាងអ៉ីរ៉ង់ និងអ៉ីស្រាអែល។ ជម្រើសទី៤នេះអាចនឹងឱ្យអ៉ីស្រាអែល បញ្ជូនសារទៅអ៉ីរ៉ង់ថាការប៉ុនប៉ងរបស់អ៉ីរ៉ង់ ដើម្បីសម្លុតគំរាមអ៉ីស្រាអែលបានបរាជ័យ ហើយដើម្បីជាការធានាដល់ប្រជាជនអ៉ីស្រាអែល រដ្ឋាភិបាលអ៉ីស្រាអែល នឹងបន្ត កម្ទេចអ្នកដែលនៅពីក្រោយការគំរាមកំហែង ឬវាយប្រហារលើអ៉ីស្រាអែល។

ការកំញើញទប់ស្កាត់របស់អ៉ីស្រាអែល គឺវាអាស្រ័យលើសមត្ថភាពផ្ទាល់របស់អ៉ីស្រាអែល ប៉ុន្តែបើមានការគាំទ្រពីសហរដ្ឋអាមេរិកទៀតនោះ វានឹងកាន់តែធ្វើឱ្យអ៉ីរ៉ង់ ប្រយ័ត្នប្រយែង។ អ្នកជំនាញភាគច្រើនយល់ថាអ៉ីស្រាអែលមិនអាចធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់តែម្នាក់ឯង ដោយមិនមានការគាំទ្រពីសហរដ្ឋអាមេរិកបានឡើយ៕