(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃនេះ (ថ្ងៃពុធ) ថា ការកើនឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា មិនមែនជាផលប្រយោជន៍របស់អ៊ីស្រាអែល អ៊ីរ៉ង់ ឬតំបន់ទាំងមូលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
លោក Peskov បាននិយាយថា រុស្ស៊ីអំពាវនាវឱ្យបញ្ឈប់ការកើនឡើងនេះ ហើយជំរុញឱ្យប្រទេសទាំងអស់នៅក្នុងតំបន់ អនុវត្តការអត់ធ្មត់ដោយសមហេតុផល។ លោកបានចង្អុលបង្ហាញថា ទីក្រុងមូស្គូបន្តរក្សាទំនាក់ទំនងស្ថាបនាជាមួយទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
ការថ្លែងបែបនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះដ្រូនគ្មាមនុស្សបើក និងមីស៊ីលរាប់រយគ្រឿង និងគ្រាប់កាលពីថ្ងៃសៅរ៍ ដើម្បីឆ្លើយតបទៅនឹងការសម្លាប់របស់អ៊ីស្រាអែល ជនជាតិអ៊ីរ៉ង់ ៧ នាក់ រួមទាំងមេបញ្ជាការជើងចាស់ពីរនាក់ផងដែរ ក្នុងការវាយឆ្មក់លើផ្នែកកុងស៊ុលនៃស្ថានទូតអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ១ ខែមេសា៕