(ហ្គាហ្សា)៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា Sheikh Mohammed bin Abdulrahman Al Thani បានឱ្យដឹងនៅថ្ងៃពុធនេះថា កិច្ចពិភាក្សាស្តីពីបទឈប់បាញ់នៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង គឺស្ថិតក្នុង «ដំណាក់កាលដ៏ផុយស្រួយ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
លោកបានបន្ថែមថា «យើងកំពុងព្យាយាមតាមដែលអាចធ្វើទៅបានដើម្បីដោះស្រាយឧបសគ្គនេះ» ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ។
នាយករដ្ឋមន្ត្រីនៃប្រទេសកាតារូបនេះ បានថ្កោលទោសចំពោះគោលនយោបាយបន្តរបស់អ៊ីស្រាអែលនៃ «ការដាក់ទណ្ឌកម្មរួម» នៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់ និងការកើនឡើងភាពតានតឹងចុងក្រោយបង្អស់ នៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។
គួរជម្រាបថា ការពិភាក្សាសម្រាប់បទឈប់បាញ់ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីបនៅតែបន្ត ចំពេលមានវិបត្តិមនុស្សធម៌ ដែលបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ទទួលរងការខ្វះខាតស្បៀងអាហារ ថ្នាំសម្កូវ និងការថែទាំសុខភាពយ៉ាងធ្ងន់ធ្ងរ។
ហាម៉ាសបានចាប់ផ្តើមសង្រ្គាមកាលពីថ្ងៃទី ៧ ខែតុលា នៅពេលដែលវាបានវាយលុកចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូងពីតំបន់ហ្គាហ្សា ដោយបានសម្លាប់មនុស្ស ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៥៣ នាក់ នេះបើយោងតាមស្ថិតិរបស់អ៊ីស្រាអែល។ ហើយអ៊ីស្រាអែល ក៏បើកការវាយប្រហារសងសឹកវិញ ជាមួយនឹងការវាយលុកតាមផ្លូវអាកាស និងផ្លូវគោក ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ៣៤,០០០ នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា៕