(យេរ៉ូហ្សាឡឹម)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បាននិយាយក្នុងអំឡុងទស្សនកិច្ចនៅអ៊ីឯស្រាអែលនាថ្ងៃពុធនេះថា អ៊ីស្រាអែលបានសម្រេចចិត្តយ៉ាងច្បាស់ដើម្បីសងសឹកអ៊ីរ៉ង់ ជុំវិញការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនលើទឹកដីរបស់ខ្លួនកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
ប្រទេសមហាអំណាចពិភពលោក កំពុងព្យាយាមទប់ស្កាត់ជម្លោះកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីល្ងាចថ្ងៃសៅរ៍ ដែលរាប់បញ្ចូលទាំងគ្រាប់រ៉ុក្កែតរាប់រយគ្រាប់ និងយន្តហោះគ្មានមនុស្សបើក ដែលនេះជាលើកទីមួយហើយ ដែលអ៊ីរ៉ង់បានវាយប្រហារដោយផ្ទាល់ទៅលើអ៊ីស្រាអែល បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាច្រើនទសវត្សរ៍។
អ៊ីរ៉ង់ បានបើកការវាយប្រហារជាការឆ្លើយតបនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើបរិវេណស្ថានកងស៊ុលរបស់ខ្លួន ក្នុងក្រុងដាម៉ាសកាលពីថ្ងៃទី១ ខែមេសា ដែលបានសម្លាប់ឧត្តមសេនីយ៍ពីររូប និងមន្ត្រីអ៊ីរ៉ង់ជាច្រើននាក់ទៀតផងដែរ។
មីស៊ីល និងយន្តហោះដ្រូនគ្មានមនុស្សបើកភាគច្រើនរបស់អ៊ីរ៉ង់ ដែលបាញ់បង្ហោះកាលពីថ្ងៃសៅរ៍ ត្រូវបានបាញ់ទម្លាក់ដោយអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលមិនបណ្តាលឲ្យមនុស្សស្លាប់ និងបង្កការខូចខាតតិចតួចប៉ុណ្ណោះ។ ប៉ុន្តែអ៊ីស្រាអែលនិយាយថា ខ្លួនត្រូវតែសងសឹកដើម្បីរក្សាភាពជឿជាក់ នៃកម្លាំងការពាររបស់ខ្លួន។ អ៊ីរ៉ង់បាននិយាយថា ខ្លួនក៏បានគិតគូរពិចារណាលើបញ្ហានេះយ៉ាងដិតដល់ផងដែរ ប៉ុន្តែថានឹងសងសឹកម្តងទៀត ប្រសិនបើអ៊ីស្រាអែលធ្វើដូច្នេះ។
លោក Cameron បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចទៅក្រុងហ្សេរុយសាឡឹម ដូច្នេះថា «វាច្បាស់ណាស់ថាអ៊ីស្រាអែលកំពុងធ្វើការសម្រេចចិត្តដើម្បីធ្វើសកម្មភាព។ «យើងសង្ឃឹមថាពួកគេធ្វើដូច្នេះ ក្នុងវិធីមួយដែលបង្រីកបញ្ហាតិចបំផុត តាមដែលអាចធ្វើទៅបាន»។
ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយថា ចក្រភពអង់គ្លេសចង់ឃើញការសម្របសម្រួលដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ ដោយក្រុមមហាអំណាចទាំងប្រាំពីរ (G7) ដែលប្រជុំនៅសប្តាហ៍នេះនៅក្នុងប្រទេសអ៊ីតាលី។
គួរជម្រាបថា កាលពីថ្ងៃអង្គារ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុងវ៉ាស៊ីនតោនគ្រោងនឹងដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីមីស៊ីល និងយន្តហោះដ្រូននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយរំពឹងថា ប្រទេសសម្ព័ន្ធមិត្តនឹងធ្វើតាមខ្លួន។ ហើយមុននេះ រដ្ឋមន្ត្រីក្រសួងរតនាគារ លោកស្រី Janet Yellen ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់ទណ្ឌកម្ម និងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីបន្តរំខានដល់ «សកម្មភាពអាក្រក់ និងអស្ថិរភាព» របស់អ៊ីរ៉ង់៕