(ប៉េកាំង)៖ «មនុស្សរាប់រយលាននាក់ត្រូវការហូបបាយនេះ ជាសភាពការណ៍ជាតិចិនដ៏សំខាន់បំផុត»។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ធ្លាប់គូសបញ្ជាក់ថា និយាយចំពោះប្រទេសចិនដែលមានមនុស្ស ប្រជាជន១៤០០លាននាក់ ឋានៈជាមូលដ្ឋាននៃកសិកម្មទៅនៅពេលណាក្តី ក៏មិនអាចធ្វេសប្រហែសនិងកាត់បន្ថយបានទេ។

គ្រាប់ពូជពាក់ព័ន្ធផ្ទាល់នឹង “ឆ្នាំងបាយរបស់ប្រទេសចិន”។ ពូជល្អជាគន្លឹះជាការធានាចំពោះសុវត្ថិភាពស្បៀងអាហារ និងការបង្កបង្កើនផលស្បៀងខ្ពស់ ជាគន្លឹះមួយនៃការបំពេញតម្រូវការរបស់មហាជន ចំពោះកសិផលនិងអាហារបំប៉ន។ និយាយពី ការបណ្តុះគ្រាប់ពូជរបស់ចិន ខេត្តហៃណានជាទីតាំងសំខាន់ ដែលចាំបាច់ត្រូវលើកឡើង។ កាលពីឆ្នាំ២០១៨ លោក Xi Jinping បានទៅត្រួតពិនិត្យមូលដ្ឋានស្រាវជ្រាវ ការបណ្តុះគ្រាប់ពូជ Nanfan ជាតិចិន លោកបានលើកឡើងថា ត្រូវកសាងមូលដ្ឋាននេះ ឱ្យក្លាយជា Silicon Valley នៃប្រទេសចិនដែលបម្រើវិស័យជាច្រើនដូចជា ការស្រាវជ្រាវខាងវិទ្យាសាស្ត្រ ការផលិត ការលក់ ការផ្លាស់ប្តូរ និងការអនុវត្តសមិទ្ធផលនៃការសិក្សាស្រាវជ្រាវជាដើម។

បច្ចុប្បន្នជារៀងរាល់ឆ្នាំ ការដាំដុះស្រូវបង្កាត់ដែលជាគ្រាប់ពូជបណ្តុះពីមូលដ្ឋានស្រាវជ្រាវ Nanfan បានជួយបង្កើនទិន្នផលស្រូវ ដែលអាចចញ្ចឹមមនុស្សចំនួនប្រហែល ៨០លាននាក់។ កប្បាសប្រឆាំងសត្វល្អិតចង្រៃដែលជាសមិទ្ធផល មួយនៃការបណ្តុះគ្រាប់ពូជ ពីមូលដ្ឋានស្រាវជ្រាវ Nanfan បានកាត់បន្ថយចំនួនប្រើថ្នាំកសិកម្មប្រហែល ៦៥ម៉ឺនតោន ហើយជំរុញការបង្កបង្កើនផលក្នុងតម្លៃ ៦៥០រយលានយាន់ប្រាក់ចិន។ល។

តាមតួលេខ ចំនួនប្រជាជន១៤០០លាននាក់ក្នុងប្រទេសចិន មួយថ្ងៃត្រូវចំណាយស្បៀងទម្ងន់៧ សែនតោន ប្រេងហូបទម្ងន់៩,៨ម៉ឺនតោន បន្លែទម្ងន់ ១៩២ម៉ឺនតោន និងសាច់ទម្ងន់ ២៣ ម៉ឺនតោន។ តើធ្វើយ៉ាងណាដើម្បីធានាឱ្យប្រជាជនចិនមានបាយ ហូបគ្រប់គ្រាន់ហូប បានឆ្អែត ហើយហូបបានឆ្ងាញ់? លោក Xi Jinping បានគូសបញ្ជាក់ថា គន្លឹះគឺស្ថិតនៅត្រង់បច្ចេកវិទ្យា។ លោកបានពន្យល់ពី អត្ថន័យសំខាន់ នៃបច្ចេកវិទ្យាចំពោះការអភិវឌ្ឍកសិកម្មថា៖ «គ្រាប់ពូជតូចមួយគ្រាប់អាចកែប្រែពិភពលោកបាន បច្ចេកវិទ្យាមួយ អាចបង្កើតអច្ឆរិយមួយ»