(កង់បេរ៉ា)៖ ប្រទេសអូស្រ្តាលីគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ក្នុងទំហំ៥០.៣ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង៣២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ហើយធ្វើកំណែទម្រង់កម្មវិធីអភិវឌ្ឍសព្វាវុធ ដើម្បីផ្តោតជាចម្បងលើមីស៉ីល ដ្រូន និងនាវាចម្បាំង ខណៈទីក្រុងកង់បេរ៉ា កំពុងសម្លឹងមើលលទ្ធភាព នៃការកើតមានឡើងនូវជម្លោះក្នុងតំបន់ប៉ាស៉ីហ្វិក រវាងចិននិងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤។
វាគឺជាផ្នែកនៃកញ្ចប់ថវិកាការពារជាតិមានទំហំសរុប៣៣០ពាន់លានដុល្លារអូស្រ្តាលី សម្រាប់រយៈពេលមួយទសវត្សរ៍ ហើយនឹងធ្វើឱ្យការចំណាយលើវិស័យការពារជាតិ របស់អូស្រ្តាលី កើនដល់២.៤ភាគរយ នៃអត្រា GDP នៅឆ្នាំ២០៣៤ ធៀបនឹងត្រឹម២ភាគរយ នាសព្វថ្ងៃនេះ។ លោក Richard Marles រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បាននិយាយថា ការបង្កើនការចំណាយនេះ ឆ្លុះបញ្ចាំងនូវការផ្តោតអាទិភាពថ្មីៗ ដូចជាមីស៉ីលរយៈចម្ងាយឆ្ងាយជាដើម ដែលអូស្រ្តាលីជឿជាក់ថា ជារឿងចាំបាច់ នៅក្នុងពិភពលោកមួយ ដែលប្រសិនបើជម្លោះផ្ទុះឡើងរវាងចិននិងសហរដ្ឋអាមេរិក នោះវាអាចនឹងធ្វើឱ្យក្រឡាប់ចាក់ តំបន់ប៉ាស៉ីហ្វិក។
គួរបញ្ជាក់ថា ជាង៤០ភាគរយ ឬ១៤៥ពាន់លានដុល្លារអូស្រ្តាលី នៃកញ្ចប់ថវិកាខាងលើ ត្រូវបានកំណត់សម្រាប់កងទ័ពជើងទឹកអូស្រ្តាលី ក្នុងរួមមានទាំងការបង្កើនចំនួននាវាចម្បាំង កម្មវិធីនាវាមុជទឹកនុយក្លេអ៊ែរ AUKUS ព្រមទាំងអាទិភាពដទៃទៀត ដូចជាកម្មវិធីដ្រូនក្រោមទឹក Ghost Shark ជាដើម។ រីឯ១ភាគ៥ ឬស្មើនឹង៧៤ពាន់លានដុល្លារអូស្រ្តាលី គឺនឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធីពាក់ព័ន្ធទៅនឹងមីស៉ីល ដោយនឹងមានមីស៉ីលរយៈចម្ងាយឆ្ងាយថ្មីៗ សម្រាប់កងទ័ពជើងទឹក និងជើងអាកាសអូស្រ្តាលី រួមជាមួយកម្មវិធីប្រព័ន្ធការពារមីស៉ីល និងការផលិតមីស៉ីលនៅក្នុងស្រុក។ ចំណែកមូលដ្ឋានយោធា នៅពាសពេញតំបន់ភាគខាងជើងប្រទេសអូស្រ្តាលី ដែលមានកងម៉ារីនអាមេរិកឈរជើងបណ្តោះអាសន្ន ជារៀងរាល់ឆ្នាំ សម្រាប់ការហ្វឹកហាត់និងសមយុទ្ធយោធានោះ ក៏នឹងទទួលបានថវិកា១៨ពាន់លានដុល្លារអូស្រ្តាលី សម្រាប់ការងារកែលម្អបន្ថែម ផងដែរ៕