(វ៉ាស៉ីនតោន)៖ នៅថ្ងៃពុធនេះ យន្តហោះល្បាត១គ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានហោះឆ្លងកាត់ពីលើតំបន់ច្រកសមុទ្រតៃវ៉ាន់ ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រមុខការពារជាតិចិននិងសហរដ្ឋអាមេរិក បានសន្ទនាគ្នាតាមទូរស័ព្ទ ហើយអំឡុងពេលនោះ ទីក្រុងប៉េកាំងបានព្រមានទីក្រុងវ៉ាស៉ីនតោន ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤។
កងអង្គភាព 7th Fleet របស់យោធាជើងទឹកអាមេរិក បាននិយាយថា យន្តហោះល្បាតនិងឈ្លបការណ៍ដែនសមុទ្រ P-8A Poseidon ដែលអាចប្រើប្រាស់សម្រាប់ បេសកកម្មប្រឆាំងនាវាមុជទឹកផងដែរនោះ បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅក្នុងដែនអាកាសអន្តរជាតិ។ យោធាអាមេរិកបានបន្តថា តាមរយៈការធ្វើប្រតិបត្តិការ នៅច្រកសមុទ្រតៃវ៉ាន់ ដោយស្របទៅតាមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិកជួយរក្សាការពារសិទ្ធិសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ របស់ប្រជាជាតិទាំងអស់ ហើយការចល័តយន្តហោះយោធា ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នេះ ស្តែងឱ្យឃើញពីការប្តេជ្ញារបស់អាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកមួយ ដែលសេរីនិងបើកចំហ។
ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន បានអះអាងថា ខ្លួនមានយុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់ ខណៈខាងតៃវ៉ាន់និងសហរដ្ឋអាមេរិក បានច្រានចោលការអះអាងបែបនោះ ដោយនិយាយថា ច្រកសមុទ្រតៃវ៉ាន់គឺជាដែនទឹកអន្តរជាតិ។ លើកចុងក្រោយ ដែលកងទ័ពជើងទឹកអាមេរិក បានប្រកាសពីការចល័ត យន្តហោះ Poseidon ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់បែបនេះ គឺកាលពីខែធ្នូ ឆ្នាំមុន ហើយនាពេលនោះ យោធាចិនបាននិយាយថា ខ្លួនបានបញ្ជូនក្រុមយន្តហោះចម្បាំង ឱ្យទៅឃ្លាំមើលស្ថានការណ៍ និងព្រមានយន្តហោះអាមេរិក។
គួរបញ្ជាក់ថា ក្នុងថ្ងៃពុធដដែលនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin ទើបតែបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun ខណៈវាគឺជាការធ្វើប្រាស្រ័យទាក់ទងគ្នាលើកដំបូង រវាងប្រមុខការពារជាតិទាំងពីររូប គិតក្នុងរយៈពេលជាង១ឆ្នាំមកនេះ ស្របពេលដែលប្រទេសទាំងពីរ ព្យាយាមរិះរកមធ្យោបាយ ដើម្បីស្តារទំនាក់ទំនងផ្នែកយោធា។ ក្នុងឱកាសជួបសន្ទនាគ្នានោះ លោក Dong បានប្រាប់លោក Austin ថា បញ្ហាតៃវ៉ាន់គឺជាចំណុcស្នូលបំផុត នៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ហើយផលប្រយោជន៍ស្នូលរបស់ចិន ដាចខាតមិនត្រូវធ្វើឱ្យប៉ះពាល់ឡើយ៕