(សិង្ហបុរី)៖ បន្ទាប់ពីដឹកនាំរដ្ឋាភិបាលសិង្ហបុរី អស់រយៈពេលជិត២០ឆ្នាំ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង (Lee Hsien Loong) នឹងចុះចេញពីតំណែងនៅថ្ងៃទី១៥ ខែឧសភាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទទី១៥ ខែមេសា ឆ្នាំ២០២៤។
លោក Lee Hsien Loong បានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំមុនថា លោកនឹងចូលនិវត្តន៍នៅឆ្នាំ២០២៤នេះ ព្រមទាំងបានតែងតាំង លោក Wong ដែលបច្ចុប្បន្នជា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ឱ្យស្នងតំណែងពីលោក។ ដើមឡើយលោក Lee មានគម្រោងចុះចេញពីតំណែងមុនអាយុ៧០ឆ្នាំ ប៉ុន្តែផែនការទាំងនោះត្រូវបានទុកចោល ដោយសារតែបញ្ហាជំងឺកូវី១៩។
ការិយាល័យនាយករដ្ឋមន្រ្តីចេញសេចក្តីថ្លែងការណ៍ខ្លីមួយថា លោក Lee ដែលមានអាយុ ៧២ឆ្នាំ នឹងផ្តល់យោបល់ជាផ្លូវការដល់ប្រធានាធិបតី ដើម្បីតែងតាំង លោក Wong ជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសសិង្ហបុរី។
គួរបញ្ជាក់ថា លោក Lee បានកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី ចាប់ពីខែសីហា ឆ្នាំ ២០០៤៕