មីយ៉ាន់ម៉ា៖ មនុស្ស ១២នាក់បានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុង Mandalay អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី (Video inside)
14-04-2024 20:40
(រ៉ង់ហ្គូន)៖ យោងតាមក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្ស ១២ នាក់បានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកមួយ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ក្នុងទីក្រុង Mandalay ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ាកាលពីព្រឹកថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។
ក្រុមព័ត៌មានបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃអាទិត្យ ទី១៤ មេសា នាវេលាម៉ោងប្រហែល ១០ និង ២៥ នាទីព្រឹកម៉ោងក្នុងស្រុក នៅពេលដែលឧបករណ៍បំផ្ទុះចំនួនពីរ បានផ្ទុះនៅក្នុងចំណតម៉ូតូ នៅក្បែរទីស្នាក់ការកណ្តាលរបស់រដ្ឋបាលក្រុង Mandalay។
ក្រុមប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា ការវាយប្រហារនេះធ្វើឡើងដោយកងកម្លាំងការពារប្រជាជន (PDF) ហើយមានកុមារ ៥ នាក់ ស្ថិតក្នុងចំណោមអ្នករងរបួសខាងលើ។
ប្រភពដដែលបានឱ្យដឹងទៀតថា ប្រតិបត្តិការដើម្បីស្វែងរកជនល្មើសគឺកំពុងដំណើរការ៕