(ហ្សឺណែវ)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានអំពាវនាវឱ្យប្រទេសដែលមានឥទ្ធិពល ទប់ស្កាត់ស្ថានភាពដ៏អាក្រក់ស្រាប់ទៅហើយរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កុំឱ្យកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃអាទិត្យនេះ លោក Türk បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ និងសិទ្ធិមនុស្សដែលអាចកើតមាននៃការកើនឡើងនេះ ហើយបានជំរុញឱ្យភាគីពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់ដើម្បីបន្ធូរបន្ថយស្ថានការណ៍។
លោកបានអំពាវនាវដល់ប្រទេសភាគីទីបី «ជាពិសេសប្រទេសដែលមានឥទ្ធិពល ត្រូវធ្វើឲ្យអស់ពីសមត្ថភាពដើម្បីធានាថាស្ថានការណ៍ដែលមិនស្ថិតស្ថេរស្រាប់ទៅហើយ នឹងមិនកាន់តែយ៉ាប់យ៉ឺនទៅមុខទេ»។
លោកក៏បានរិះគន់ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល ដោយនិយាយថា ការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនទាំងនេះ អាចបណ្តាលឱ្យមានគ្រោះថ្នាក់លើសពីគោលដៅយោធា និងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។
ទន្ទឹមនឹងនេះ លោក Türk បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃគ្រប់ភាគី ដែលត្រូវប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវរបស់ខ្លួន ដែលមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។
បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសៅរ៍ថា សកម្មភាពយោធារបស់ប្រទេសប្រឆាំងនឹងអ៊ីស្រាអែល គឺផ្អែកលើមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន និងជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី។
គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) បានឱ្យដឹងថា អ៉ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង២០០គ្រាប់ និងគ្រឿងដោយផ្ទាល់ លើទឹកដីរបស់ខ្លួន ដែលនេះគឺជាការវាយប្រហារដោយផ្ទាល់លើកដំបូងបំផុតរបស់អ៉ីរ៉ង់លើទឹកដីអ៉ីស្រាអែល ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។ ការវាយប្រហាររបស់អ៉ីរ៉ង់ ធ្វើឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាសងសឹកអ៉ីស្រាអែល ជុំវិញការវាយប្រហារលើស្ថានកុងស៊ុលអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែល បានសម្លាប់ មនុស្ស៧នាក់ ក្នុងនោះមានឧត្តមសេនីយ៍២នាក់៕