(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សេតវិមានបាននិយាយថា វាហាក់ពុំមានហេតុផលអ្វីទាល់តែសោះ សម្រាប់ឱ្យចិនមើលឃើញ កិច្ចប្រជុំកំពូលត្រីភាគីក្នុងសប្តាហ៍នេះ រវាងសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ជាការគំរាមកំហែង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានលើកឡើងដូចខាងលើ បន្ទាប់ពីចិនបានបង្ហាញការមិនពេញចិត្ត ទៅកាន់ជប៉ុននិងហ្វីលីពីន អំពីអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថាជា ការអត្ថាធិប្បាយអវិជ្ជមានមួយចំនួន លេចឡើងអំឡុងកិច្ចពិភាក្សារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និងប្រធានាធីបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅទីក្រុងវ៉ាស៉ីនតោន ក្នុងសប្តាហ៍នេះ។
លោក Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «កិច្ចពិភាក្សាត្រីភាគីនោះ មិនបានផ្តោតលើប្រទេសដទៃទៀតណាមួយឡើយ ពោលគឺវាស្តីអំពីការធ្វើឱ្យសម្ព័ន្ធភាព និងភាពជាដៃគូដែលមានស្រាប់បច្ចុប្បន្ន កាន់តែមានភាពស៉ីជម្រៅ និងទទួលបានកម្លាំងថាមពលថ្មី ហើយពង្រឹងសម្ព័ន្ធភាពក៏ដូចជាភាពជាដៃគូថ្មីៗមួយចំនួនទៀត។ ពុំមានហេតុផលអ្វីសម្រាប់ឱ្យចិនមើលឃើញ រឿងនេះជាការគំរាមកំហែងក្នុងទម្រង់ណាមួយឡើយ។ នេះគ្រាន់តែជាការពិភាក្សារវាង ប្រទេស៣ ដែលជាសម្ព័ន្ធមិត្តនឹងគ្នាប៉ុណ្ណោះ ហើយផ្តោតលើបញ្ហាប្រឈម និងឱកាសកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ចិនបានកោះហៅមន្រ្តីការទូតរបស់ជប៉ុននិងហ្វីលីពីន ដើម្បីបង្ហាញការមិនពេញចិត្ត ចំពោះកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាមេរិក ជាមួយនាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីហ្វីលីពីន។ អំឡុងកិច្ចប្រជុំនៅទីក្រុងវ៉ាស៉ីនតោន ប្រទេសទាំង៣ បានពិភាក្សាអំពីសកម្មភាពរបស់ចិន នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាជម្លោះ ហើយបានប្រកាសពីកិច្ចព្រមព្រៀងជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច៕