(ប៉េកាំង)៖ កងកម្លាំងឆ្មាំសមុទ្រចិនបានឱ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានធ្វើសកម្មភាពយាមល្បាត នៅដែនទឹកនៃទីប្រជុំកោះ Diaoyu នៅឯតំបន់សមុទ្រចិនខាងកើត ដែលជាកន្លែងមានបញ្ហាវិវាទជាមួយទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤។
ចំណែកឯ ឆ្មាំសមុទ្រជប៉ុនវិញ ក៏បានប្រកាសឱ្យដឹងដែរថា កងកម្លាំងល្បាតរបស់ខ្លួន បានប្រាប់ឱ្យនាវាល្បាត៤គ្រឿងរបស់ឆ្មាំសមុទ្រចិន ចាកចេញពីកន្លែងដែលទីក្រុងតូក្យូអះអាងថា ជាដែនទឹករបស់ខ្លួន នៅក្បែរទីប្រជុំកោះខាងលើ ដែលជប៉ុនហៅថា Senkaku។ បើតាមឆ្មាំសមុទ្រជប៉ុន វាគឺជាសកម្មភាពលើកទី១០ហើយ ដោយក្រុមនាវាឆ្មាំសមុទ្រចិន នៅក្នុងឆ្នាំនេះ។ ដែនទឹកនៅជុំវិញទីប្រជុំកោះខាងលើ គឺត្រូវបានអះអាងដណ្តើមគ្នារវាងចិននិងជប៉ុន។ ភាគីទាំងសងខាងបានប្រឈមមុខគ្នានៅទីនោះ ដោយដាក់ពង្រាយនាវាល្បាត និងស្នើឱ្យភាគីម្ខាងៗចាកចេញឱ្យឆ្ងាយ។
គួរបញ្ជាក់ថា ហេតុការណ៍ប្រឈមមុខនាថ្ងៃសុក្រនេះ កើតមានឡើងស្របពេលមេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន បានបើកកិច្ចពិភាក្សាកំពូលនៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះរួមមានទាំងប្រធានបទ ស្តីពីមធ្យោបាយដើម្បីទប់ទល់ ការបង្កើនសម្ពាធរបស់ទីក្រុងប៉េកាំង មកលើទីក្រុងម៉ានីល នៅឯតំបន់សមុទ្រដែលមានបញ្ហាជម្លោះមួយទៀត គឺសមុទ្រចិនខាងត្បូង៕