(ប៉េកាំង)៖ ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសថា ចិនបានសម្រេចដាក់បម្រាមលើក្រុមនាយកជាន់ខ្ពស់ របស់ក្រុមហ៊ុនការពារជាតិអាមេរិកចំនួន២ មិនឱ្យចូលប្រទេសខ្លួនឡើយ ហើយបង្កកទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុនទាំងនោះ ជាការឆ្លើយតបចំពោះការលក់អាវុធឱ្យកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤។
ចំណាត់ការរបស់ចិនខាងលើ ដែលបានចូលជាធរមានចាប់ពីថ្ងៃព្រហស្បតិ៍ទៅតែម្តង គឺមានគោលដៅប្រឆាំងក្រុមហ៊ុន General Atomics Aeronautical Systems ដែលមានឯកទេសខាងផលិតយន្តហោះដ្រូន រួមជាមួយក្រុមហ៊ុនផលិតរថពាសដែក និងយានយោធាផ្សេងៗទៀត General Dynamics Land Systems ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន General Dynamics។
ទីក្រុងប៉េកាំងបាននិយាយថា ការលក់អាវុធរបស់ក្រុមហ៊ុនទាំងនេះឱ្យទៅតៃវ៉ាន់ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ចំពោះកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយធ្វើឱ្យខូចអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន ដ្បិតកោះតៃវ៉ាន់ ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាតនៃទឹកដីរបស់ខ្លួន។ នៅក្រោមចំណាត់ការនោះ ទ្រព្យសម្បត្តិនានារបស់ក្រុមហ៊ុនទាំងពីរ ដែលមាននៅក្នុងប្រទេសចិន ត្រូវបានបង្កក ហើយក្រុមនាយកជាន់ខ្ពស់របស់ពួកគេ ត្រូវបានហាមឃាត់ មិនឱ្យអាចធ្វើដំណើរចូលទឹកដីចិនបានឡើយ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ចិនក៏បានដាក់ទណ្ឌកម្មផងដែរ ប្រឆាំងក្រុមហ៊ុនផលិតយន្តហោះ និងការពារជាតិអាមេរិក គឺ Northrop Grumman និង Lockheed Martin ក្រោមហេតុផលផ្តល់អាវុធឱ្យតៃវ៉ាន់ដូចគ្នា៕