(តៃប៉ិ)៖ មេដឹកនាំជាប់ឆ្នោតនៅកោះតៃវ៉ាន់ លោក Lai Ching-te នាថ្ងៃពុធនេះ បានសម្រេចតែងតាំង លោក Cho Jung-tai ដែលជាអតីតអគ្គលេខាធិការគណបក្សកាន់អំណាច DPP ឱ្យធ្វើជានាយករដ្ឋមន្រ្តីរបស់លោក ខណៈការតែងតាំងតួនាទីដទៃទៀត ដូចជាតំណែងរដ្ឋមន្រ្តីការបរទេសជាដើម នឹងត្រូវប្រកាសក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។
នៅក្រោមប្រព័ន្ធរដ្ឋាភិបាលរបស់តៃវ៉ាន់ មេដឹកនាំគឺជាអ្នកតែងតាំងនាយករដ្ឋមន្រ្តី ហើយបន្ទាប់មកនាយករដ្ឋមន្រ្តី គឺជាអ្នកតែងតាំងសមាជិកនៃគណៈរដ្ឋមន្រ្តី ដែលតម្រូវឱ្យមានការសម្រេចចុងក្រោយពីមេដឹកនាំ។ នាយករដ្ឋមន្រ្តីថ្មី រួមជាមួយគណៈរដ្ឋមន្រ្តីរបស់លោក នឹងមិនទាន់ចូលកាន់តួនាទីរបស់ខ្លួនឡើយ រហូតទាល់តែលោក Lai ស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែឧសភា។ លោក Cho បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកនឹងប្រកាសពីសមាសភាពនៃសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក ក្នុងពេលឆាប់ៗ។
បើតាមប្រព័ន្ធផ្សព្វផ្សាយនៅតៃវ៉ាន់ផ្ទាល់ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ លោក Wellington Koo ទំនងនឹងត្រូវឡើងជា រដ្ឋមន្រ្តីការពារជាតិថ្មី បន្តពីលោក Chiu Kuo-cheng ខណៈរដ្ឋមន្រ្តីការបរទេសបច្ចុប្បន្ន គឺលោក Joseph Wu ទំនងជានឹងប្តូរតួនាទីទៅកាន់តំណែងជំនួសលោក Koo ជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិវិញ។
គួរបញ្ជាក់ថា លោក Lai ដែលសព្វថ្ងៃកាន់តួនាទីជាមេដឹកនាំរងតៃវ៉ាន់ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី កាលពីខែមករា ដើមឆ្នាំនេះ ប៉ុន្តែគណបក្ស DPP បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា។ គណបក្សប្រឆាំងធំបំផុតរបស់តៃវ៉ាន់ Kuomintang (KMT) ឈ្នះបានអាសនៈច្រើនជាងគេ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីបង្កើតសំឡេងភាគច្រើន ដោយខ្លួនឯងនៅក្នុងសភា។ អាសនៈដទៃទៀត ត្រូវបានឈ្នះដោយគណបក្ស Taiwan People's Party (TPP) ដែលដឹកនាំដោយអភិបាលក្រុងតៃប៉ិ លោក Ko Wen-je៕