(ម៉ានីល)៖ ប្រធានាធិបតី លោក Ferdinand Marcos Jr បាននិយាយនៅថ្ងៃពុធនេះថា កិច្ចប្រជុំកំពូលត្រីភាគីរវាងសហរដ្ឋអាមេរិក ហ្វីលីពីន ជប៉ុន នឹងរួមបញ្ចូលនូវកិច្ចព្រមព្រៀងដើម្បីរក្សាសន្តិសុខដែនសមុទ្រ ក៏ដូចជាសេរីភាពនៃការធ្វើនាវាចរណ៍ នៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០២៤។
លោក Marcos នឹងចេញដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន នារសៀលនេះ (ម៉ោងក្នុងតំបន់) សម្រាប់កិច្ចប្រជុំត្រីភាគីជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida។ លោក Marcos បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា «កិច្ចប្រជុំកំពូលនោះ នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ក្នុងន័យដែលកិច្ចសហប្រតិបត្តិមួយ ត្រូវបានអនុវត្ត»។ លោក Marcos ក៏ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក បៃដិន ផងដែរ។
គួរបញ្ជាក់ថា នៅក្រោមអាណត្តិដឹកនាំរបស់ លោក Marcos ហ្វីលីពីនបាននិងកំពុងធ្វើឱ្យទំនាក់ទំនងយោធា ជាមួយសហរដ្ឋអាមេរិក ជប៉ុនកាន់តែស៉ីជម្រៅ ខណៈចេញមុខបង្ហាញការមិនពេញចិត្តកាន់តែខ្លាំងចំពោះចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង៕