(វ៉ាស៉ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Jake Sullivan កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា នឹងមានការល្បាតរួមគ្នាបន្ថែមទៀត នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីការធ្វើសមយុទ្ធយោធារួមគ្នា រវាងអាមេរិក ហ្វីលីពីន អូស្រ្តាលី និងជប៉ុន កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤។
ក្រុមនាវាចម្បាំងមកពីប្រទេសទាំង៤ បានរួមការធ្វើសមយុទ្ធយោធា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ក្រោយចិនបានបង្កើនដាក់សម្ពាធដាក់ហ្វីលីពីន នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន លោក Sullivan បាននិយាយយ៉ាងដូច្នេះថា «ពាក់ព័ន្ធការល្បាតជើងទឹក ពួកយើងទើបតែបានមើលឃើញ ការល្បាតរួមគ្នាក្នុងទម្រង់ចតុភាគីកាលពីចុងសប្តាហ៍មុននេះ ដូច្នេះអ្នកអាចរំពឹងថា នឹងឃើញសកម្មភាពរបៀបនេះបន្ថែមទៀត នាពេលអនាគត»។
គួរបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវបើកកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នៅទីក្រុងវ៉ាស៉ីនតោន ហើយមេដឹកនាំទាំងពីរ នឹងបើកកិច្ចប្រជុំត្រីភាគីថែមទៀត ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗ រួមមានទាំងមធ្យោបាយដើម្បីទប់ទល់ចិន៕