(អូតាវ៉ា)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កាណាដាបានប្រកាសថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិ ដែលនឹងមើលឃើញ មានការទិញប្រព័ន្ធមីស៉ីលចម្ងាយឆ្ងាយ ឧទ្ធម្ភាគចក្រយោធាថ្មីៗ ព្រមទាំងវត្តមានធំជាងមុននៅតំបន់អាក់ទិច ប៉ុន្តែមិនទាន់ដល់កម្រិតការចំណាយ ដែលត្រូវបានកំណត់ដោយអង្គការ NATO នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។
នៅក្នុងសំណើកញ្ចប់ថវិការបស់រដ្ឋាភិបាលកាណាដានាសប្តាហ៍ក្រោយ នឹងមានការបែងចែកថវិកាចំនួន៨.១ពាន់លានដុល្លារកាណដា ស្មើនឹង៦ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ក្នុងការផ្តល់មូលនិធិថ្មី ដែលជាផ្នែកនៃកញ្ចប់ថវិកាសរុប ៧៣ពាន់លានដុល្លារកាណាដា ឬ៥៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ សម្រាប់វិស័យយោធាកាណាដា។ នេះគឺបន្ថែមពីលើ គម្រោងដែលត្រូវបានប្រកាសរួចស្រេចកន្លងមក ស្តីពីការទិញនាវាចម្បាំងថ្មី ហើយនិងកងយន្តហោះចម្បាំង F-35 ព្រមទាំងការវិនិយោគទៅក្នុងការធ្វើទំនើបកម្ម កងកម្លាំងការពារទ្វីប នៅក្រោមទីបញ្ជាការការពារដែនអាកាសតំបន់អាមេរិកខាងជើង ឬ NORAD។
អង្គការ NATO បានកំណត់គោលដៅ ២ភាគរយនៃអត្រា GDP សម្រាប់ការចំណាយលើវិស័យយោធា សម្រាប់បណ្តារដ្ឋនីមួយៗ ដែលជាសមាជិក។ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយថា កាណាដាដែលបានរងការរិះគន់ជាយូរមកហើយ សម្រាប់ការដើរយឺតជាងគេក្នុងការចំណាយលើយោធា មានគោលដៅបង្កើន ការចំណាយឱ្យដល់ត្រឹម១.៧៦ភាគរយ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នវាស្ថិតក្នុងកម្រិត១.៣៨ភាគរយ។ យោងតាមទិន្នន័យរបស់ NATO កាណាដាស្ថិតនៅចំណាត់ថ្នាក់លេខ៦ រាប់ចាប់ពីក្រោមឡើងទៅ ក្នុងការចំណាយលើវិស័យការពារជាតិ បើគិតអំពីអត្រាភាគរយនៃ GDP ខណៈសមាជិក NATO ជាច្រើន បាននាំគ្នាបង្កើនការចំណាយយ៉ាងខ្លាំង ទៅក្នុងយោធារបស់ពួកគេ ដើម្បីឆ្លើយតបចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។
គួរបញ្ជាក់ថា បើតាមលោក Trudeau ប្រទេសកាណាដា ក៏កំពុងស្ថិតក្នុងដំណើរការកិច្ចពិភាក្សា ដើម្បីចូលរួមក្នុងភាពជាដៃគូសន្តិសុខ AUKUS ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ផងដែរ៕