(ដាម៉ាស់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានបើកអគារកុងស៊ុលថ្មីមួយនៅក្នុងរដ្ឋធានីដាម៉ាស នៃប្រទេសស៊ីរីនៅថ្ងៃចន្ទនេះ បន្ទាប់ពីស្ថានកុងស៊ុលចាស់ ត្រូវបានបំផ្លាញនៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។
លោក Amir Abdullahian និងសមភាគីស៊ីរី លោក Faisal Al-Miqdad បានចូលរួមក្នុងពិធីបើកសម្ពោធអគារថ្មី ដែលមានទីតាំងនៅជាប់នឹងអគារដែលត្រូវបានបំផ្លាញ ដោយការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល កាលពីប៉ុន្មានថ្ងៃមុន។ មុនពេលបើកជាផ្លូវការ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានទៅពិនិត្យមើលទីតាំងស្ថានកុងស៊ុលដែលត្រូវបានបំផ្លាញផងដែរ។
ក្រុងតេអេរ៉ង់ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុងដាម៉ាស បានប្តេជ្ញាសងសឹកចំពោះការវាយប្រហារតាមអាកាសកាលពីថ្ងៃចន្ទសប្តាហ៍មុន លើស្ថានកុងស៊ុលរបស់ខ្លួន ដែលបានសម្លាប់សមាជិកកងឆ្មាំបដិវត្តន៍អ៊ីស្លាមចំនួនប្រាំពីរនាក់ ក្នុងនោះរួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។
ក្រុងដាម៉ាស និងក្រុងតេអេរ៉ង់បានបន្ទោសអ៊ីស្រាអែល ចំពោះការវាយឆ្មក់នេះ ខណៈភាគីអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយអ្វីទេ។
គួរជម្រាបថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់តំបន់កាលពីថ្ងៃអាទិត្យ ដោយចាប់ផ្តើមនៅប្រទេសអូម៉ង់ ជាកន្លែងដែលរដ្ឋមន្ត្រីការបរទេសរបស់ទីក្រុង Muscat បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង។
ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអាទិត្យថា ស្ថានទូតអ៊ីស្រាអែលលែងមានសុវត្ថិភាពទៀតហើយ បន្ទាប់ពីការវាយប្រហារនៅក្រុងដាម៉ាស៕