(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានព្រមានចិននៅថ្ងៃចន្ទនេះថា ទីក្រុងវ៉ាស៊ីនតោននឹងមិនទទួលយកការនាំចូលរបស់ចិន ដែលបំផ្លាញឧស្សាហកម្មថ្មីរបស់សហរដ្ឋអាមេរិកនោះទេ ខណៈដែលលោកស្រីបានបញ្ចប់កិច្ចប្រជុំរយៈពេល ៤ ថ្ងៃ ដើម្បីបានជំរុញឱ្យទីក្រុងប៉េកាំង កាត់បន្ថយផលិតកម្មឧស្សាហកម្មលើសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។
លោកស្រី Yellen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រធានាធិបតីអាមេរិក Joe Biden នឹងមិនអនុញ្ញាតឱ្យមានការកើតឡើងម្តងទៀត នូវអ្វីដែលបានកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ ២០០០ នៅពេលដែលលំហូរ នៃការនាំចូលរបស់ចិន បានបំផ្លាញការងារប្រហែល ២ លានកន្លែង នៅក្នុងវិស័យផលិតកម្មរបស់សហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីមិនបាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធថ្មី ឬវិធានការពាណិជ្ជកម្មផ្សេងទៀត ប្រសិនបើរដ្ឋាភិបាលចិនបន្តឧបត្ថម្ភធនដល់ក្រុមហ៊ុនរថយន្តអគ្គិសនី អាគុយ បន្ទះស្រូបពន្លឺព្រះអាទិត្យ និងផលិតផលថាមពលបៃតងផ្សេងទៀតនោះទេ។
លោកស្រី Yellen បានប្រើការធ្វើដំណើរជាលើកទីពីររបស់ខ្លួន ទៅកាន់ប្រទេសចិនក្នុងរយៈពេល ៩ ខែនេះ ដើម្បីត្អូញត្អែរថា ចិនបានធ្វើការវិនិយោគច្រើនពេក នៅក្នុងវិស័យផលិតកម្ម ដែលបានកសាងសមត្ថភាពរោងចក្រដែលលើសពីតម្រូវការក្នុងស្រុក។ ហើយការនាំចេញនូវផលិតផលលើសតម្រូវការទាំងនោះ ទៅកាន់ប្រទេសដទៃទៀត ដូចជាសហរដ្ឋអាមេរិកជាដើម បាននាំឱ្យប៉ះពាល់ដល់អាជីវកម្មនៅទីនោះ។
លោកស្រីបញ្ជាក់ថា វេទិកាថ្មីមួយត្រូវបានបង្កើតឡើង ដើម្បីពិភាក្សាពីបញ្ហាសមត្ថភាពផលិតលើសតម្រូវការ។ ហើយវាអាចនឹងចំណាយពេលមួយរយៈសម្រាប់ក្រុមនេះ ដើម្បីរកដំណោះស្រាយ។
លោកស្រី Yellen បានពន្យល់ទៀតថា នៅពេលដែលទីផ្សារពិភពលោកត្រូវបានជន់លិច ដោយផលិតផលដ៏ថោករបស់ចិន ដែលផលិតដោយមានជំនួយពីបញ្ញាសិប្បនិម្មិត វានឹងធ្វើឱ្យមានការសង្ស័យថា តើក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនបរទេសផ្សេងទៀត អាចបន្តអាជីវកម្មរបស់ខ្លួនបានដែរឬយ៉ាងណា។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិករូបនេះ បាននិយាយទៀតថា ការព្រួយបារម្ភជុំវិញផលិតផលលើសតម្រូវការរបស់ចិន មិនមែនមានតែសហរដ្ឋអាមេរិកទេ ប៉ុន្តែសម្ព័ន្ធមិត្តនៅអឺរ៉ុប ជប៉ុន ម៉ិកស៊ិក ហ្វីលីពីន និងទីផ្សារដែលកំពុងរីកចម្រើនផ្សេងទៀត ក៏មានការព្រួយបារម្ភដូចគ្នាដែរ៕