(តេអេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៉ីរ៉ង់ បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ បាននិយាយថា ស្ថានទូតអ៊ីស្រាអែលទាំងអស់ លែងមានសុវត្ថិភាពទៀតហើយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤។
មន្ត្រីដែលជាទីប្រឹក្សារបស់មេដឹកនាំកំពូលរបស់ប្រទេសនេះ គឺលោក Yahya Rahim Safavi បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីមានការសង្ស័យថា អ៊ីស្រាអែលគឺជាអ្នកវាយប្រហារទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស់នៃប្រទេស៊ីរី កាលពីថ្ងៃទី០១ ខែមេសាកន្លងទៅ ដែលទីក្រុង Tehran បានប្តេជ្ញាថានឹងសងសឹក។
ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះបាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយគ្រប់សេណារីយ៉ូ ដែលអាចកើតឡើងជាមួយអ៉ីរ៉ង់ ខណៈដែលខ្លួនបានរក្សាការប្រុងប្រយ័ត្ន ចំពោះការវាយប្រហារសងសឹកដែលអាចកើតមាន ចំពោះការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់នៅថ្ងៃទី ០១ ខែមេសា។
ការិយាល័យរបស់រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បានចេញសេចក្តីថ្លែងការណ៍នេះបន្ទាប់ពីបានធ្វើ «ការវាយតម្លៃស្ថានភាពប្រតិបត្តិការ» ជាមួយមន្ត្រីជាន់ខ្ពស់កងទ័ព។
គួរជម្រាបថា អ៉ីរ៉ង់បានចោទប្រកាន់យន្ដហោះចម្បាំងអ៉ីស្រាអែលថាបានបើកការវាយប្រហារតាមផ្លូវអាកាសលើស្ថានទូតរបស់ខ្លួនប្រចាំប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ទី១ ខែមេសា ដោយ សម្លាប់ទីប្រឹក្សាយោធាអ៉ីរ៉ង់៧នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការជាន់ខ្ពស់៣នាក់ផងដែរ។
ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំប្រទេសស៊ីរី បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសនោះបានត្រូវចំអគារស្ថានកុងស៊ុលមួយស្ថិតនៅក្នុងបរិវេណស្ថានទូតអ៉ីរ៉ង់។ ចំណែក កងកម្លាំង ឆ្មាំបដិវត្តន៍អ៉ីរ៉ង់វិញបានបញ្ជាក់ថាទីប្រឹក្សាយោធារបស់ខ្លួន៧នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានទាំងលោក Mohammad Reza Zahedi ដែលជាមេបញ្ជាការជាន់ខ្ពស់ម្នាក់ នៃកងកម្លាំង Quds ជាអង្គភាពមួយទទួលបន្ទុកស៊ើបការណ៍សម្ងាត់នៅបរទេស៕