(ប៉េកាំង)៖ ក្រសួងការបរទេសរុស្ស៉ី បានប្រកាសឱ្យដឹងនាថ្ងៃអាទិត្យនេះថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចនិងការទូតដ៏សំខាន់របស់ទីក្រុងមូស្គូ នាថ្ងៃចន្ទដល់ថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤។
ក្រសួងការបរទេសរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «នៅថ្ងៃទី៨ និងទី៩ ខែមេសា រដ្ឋមន្រ្តីការបរទេសនៃសហព័ន្ធរុស្ស៉ី លោក Sergei Lavrov នឹងបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ហើយកិច្ចពិភាក្សាដែលត្រូវបានគ្រោងទុក នឹងធ្វើឡើងជាមួយសមភាគីចិនរបស់លោក គឺលោក វ៉ាង យី អំឡុងទស្សនកិច្ចនោះ។ នឹងមានការដោះដូរទស្សនៈគ្នាស៉ីជម្រៅ ពាក់ព័ន្ធប្រធានបទក្តៅៗជាច្រើន តួយ៉ាងដូចជាវិបត្តិអ៊ុយក្រែន និងស្ថានការណ៍ក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ ជាមួយគ្នានេះ ភាគីទាំងពីរនឹងជជែកលើសំណួរជាច្រើន ទាក់ទិនទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំង២ ត្រូវបានពង្រឹងយ៉ាងគួរកត់ឱ្យសម្គាល់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន កាលពីឆ្នាំ២០២២មក។ ចិននិងរុស្ស៉ីបានបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយគ្នា ដោយប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូកាលពីខែមីនា ឆ្នាំ២០២៣ និងថែមទាំងប្រកាសពីចំណងមិត្តភាពគ្មានដែនកំណត់ រវាងប្រទេសចិននិងប្រទេសរុស្ស៉ី ហើយទន្ទឹមគ្នាថ្កោលទោស អនុត្តរភាពរបស់ក្រុមលោកខាងលិច។
មេដឹកនាំទាំងពីរបានជួបគ្នាម្តងទៀត កាលពីខែតុលា ឆ្នាំមុន នៅក្រៅវេទិកាខ្សែក្រវាត់និងផ្លូវ ក្នុងទីក្រុងប៉េកាំង ហើយអំឡុងពេលនោះ លោក ស៉ី បានលើកឡើងអំពីការកើនឡើងជាលំដាប់ នៃការជឿទុកចិត្តគ្នាទៅវិញទៅមក ខាងផ្នែកនយោបាយ រវាងចិននិងរុស្ស៉ី។ លោក ពូទីន បាននិយាយថា ទំនាក់ទំនងជាមួយចិន គឺជាកត្តាដ៏សំខាន់មួយសម្រាប់ស្ថិរភាពលើពិភពលោក ហើយក៏បានបន្ថែមថា រូបលោកនឹងពិចារណាជ្រើសរើសចិន ជាប្រទេសដំបូងបំផុតសម្រាប់គោលដៅបំពេញទស្សនកិច្ច ក្រោយបន្តជាប់ឆ្នោតអាណត្តិថ្មី កាលពីខែមីនាកន្លងទៅ៕