(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីចិន លោក Li Qiang នាថ្ងៃអាទិត្យនេះ បានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិកព្រមទាំងប្រទេសរបស់លោក គឺនឹងអាចក្លាយជាដៃគូ ជាជាងធ្វើជាគូសត្រូវនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤។
លោកនាយករដ្ឋមន្រ្តីចិន បានលើកឡើងដូចខាងលើ ក្នុងកិច្ចចាប់ផ្តើមនៃជំនួបទ្វេភាគី នៅទីក្រុងប៉េកាំង ជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen។ ដោយកត់សម្គាល់អំពី អ្នកប្រើប្រាស់បណ្តាញអ៉ីនធើណិតចិនជាច្រើន នាំគ្នាតាមដានយ៉ាងដិតដល់ ចំពោះដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី Yellen ចាប់តាំងពីការមកដល់របស់លោកស្រី នៅឯទីក្រុង Guangzhou ភាគខាងត្បូងប្រទេសចិន ក្នុងសប្តាហ៍នេះ លោក Li បានអះអាងថា ប្រការនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីក្តីរំពឹងក៏ដូចជាក្តីសង្ឃឹម ចង់ឱ្យទំនាក់ទំនងចិន-សហរដ្ឋអាមេរិក មានភាពប្រសើរឡើង។
ក្នុងជំនួបខាងលើ លោកស្រីរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក បានប្រាប់ទៅកាន់លោក Li ថា ការណ៍ដែលអាមេរិកនិងចិន ស្ម័គ្រចិត្តបើកកិច្ចសន្ទនាជាមួយគ្នា ទោះមានការលំបាកក៏ដោយ គឺបានជួយឱ្យទំនាក់ទំនង នៃប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ ស្ថិតលើជំហរមានស្ថិរភាពជាងមុន ក្នុងពេល១ឆ្នាំចុងក្រោយនេះ។ លោកស្រី Yellen ក៏ធ្លាប់មកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងផងដែរ កាលពីខែកក្កដា ឆ្នាំ២០២៣ ដើម្បីព្យាយាមស្តារទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ក្រោយការកើនភាពតានតឹង ដែលបង្កឡើងដោយបញ្ហាជាច្រើន។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានព្យាយាមគ្រប់គ្រងភាពតានតឹង នៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ អំឡុងកិច្ចសន្ទនា តាមទូរស័ព្ទរយៈពេលជិត២ម៉ោង ខណៈវាគឺជាកិច្ចពិភាក្សាគ្នាដោយផ្ទាល់លើកដំបូង រវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីកិច្ចប្រជុំកំពូល កាលពីខែវិច្ឆិកា ឆ្នាំមុន។ កាលពីសប្តាហ៍កន្លងទៅ ក្រុមមន្រ្តីយោធាអាមេរិកនិងចិន ក៏បានបើកកិច្ចពិភាក្សាគ្នា នៅរដ្ឋ Hawaii ផងដែរ ដែលផ្តោតទៅលើការរិះរកមធ្យោបាយ ដើម្បីឱ្យភាគីទាំងពីរ អាចធ្វើប្រតបត្តិការដោយសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវវិជ្ជាវីវៈ៕