(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ មេដឹកនាំបក្សប្រឆាំងអ៉ីស្រាអែល លោក Yair Lapid បានចេញដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីជួបពិភាក្សាជាមួយក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក នៅទីនោះ ចំពេលដែលភាពតានតឹង រវាងរដ្ឋាភិបាលទាំងពីរកំពុងបន្តកើនឡើង ជុំវិញបញ្ហាសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ Gaza Strip។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤។
គណបក្សកណ្តាលនិយម Yesh Atid របស់លោក Lapid បានប្រកាសថា រូបលោកនឹងត្រូវជួបជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken, ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ព្រមទាំងក្រុមមន្រ្តីផ្សេងទៀត។ អំឡុងទស្សនកិច្ចនេះ លោក Lapid ក៏នឹងជួបផងជាមួយលោក Chuck Schumer ដែលមេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាអាមេរិក និងដែលកាលពីខែមីនាកន្លងទៅ បានអំពាវនាវឱ្យមាន ការបោះឆ្នោតសកលមុនអាណត្តិ នៅប្រទេសអ៉ីស្រាអែល ដើម្បីផ្តល់ឱកាសឱ្យប្រជាជនអ៉ីស្រាអែល បោះឆ្នោតទម្លាក់នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu ដែលត្រូវរូបលោកចាត់ទុកជា ឧបសគ្គធំមួយក្នុងកិច្ចប្រឹងប្រែង ឆ្ពោះទៅរកសន្តិភាព។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបន្តគាំទ្រអ៉ីស្រាអែលជាប់រហូត ក្នុងរយៈពេលប្រមាណ៦មកនេះ នៃសង្រ្គាមយ៉ាងបង្ហូរឈាមបំផុតនៅដែនដីប៉ាឡេស្ទីន Gaza Strip ប៉ុន្តែហេតុការណ៍ផ្តាច់ជីវិតបុគ្គលិកមនុស្សធម៌ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ក្នុងសប្តាហ៍នេះ ហាក់បានរុញច្រានលោក បៃដិន ឈានដល់ចំណុចមួយ ដែលសឹងតែទ្រាំលែងបានតទៅទៀត។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដ៏តានតឹង រយៈពេល៣០នាទី ជាមួយលោក Netanyahu កាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បានប្រាប់លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែលថា ការវាយប្រហារតាមផ្លូវអាកាសនោះ ជាទង្វើមិនអាចទទួលយកបានទាល់តែសោះ ហើយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ លោកប្រធានាធិបតីអាមេរិក ក៏ព្រមានឱ្យលោក Netanyahu ចាត់វិធានការរឹងមាំជាក់ស្តែង ដើម្បីការពារជនស៉ីវិលផងដែរ បើមិនចង់ឃើញ ទីក្រុងវ៉ាស៉ីនតោនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន៕