(ស៉ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសនៅថ្ងៃសៅរ៍នេះថា នឹងតែងតាំងទីប្រឹក្សាពិសេសមួយរូបដើម្បីធ្វើការជាមួយអ៉ីស្រាអែល ដើម្បីធានាបាននូវទំនុកចិត្តក្នុងការស៉ើបអង្កេតលើការវាយប្រហារតាមផ្លូវអាកាសនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់បុគ្គលិកផ្តល់ជំនួយ ៧នាក់រួមទាំងជនជាតិអូស្ត្រាលីម្នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ ២០២៤។
រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍ នៅឯទីក្រុង Adelaide ថា «រដ្ឋាភិបាលនឹងតែងតាំទីប្រឹក្សាពិសេសម្នាក់ ដែលយើងបានស្នើសុំឱ្យអ៉ីស្រាអែលធ្វើការជាមួយ ដូច្នេះយើងអាចទទួលបានការណែនាំអំពីភាពសមស្របពីដំណើរការស៉ើបអង្កេតនេះ»។ លោកស្រី Wong បានបន្ថែមថា «យើងចង់ឱ្យទំនុកចិត្តពេញលេញទៅលើតម្លាភាព និងគណនេយ្យភាពចំពោះការស៉ើបអង្កេតណាមួយក៏ដោយ ហើយយើងនឹងបន្តធ្វើការដើម្បីសម្រេចបាន»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ អ៉ីស្រាអែលបានបណ្តេញមន្ត្រីពីរនាក់ និងបានធ្វើការថ្កោលទោសជាផ្លូវការលើក្រុមមេបញ្ជាការជាន់ខ្ពស់របស់ខ្លួន បន្ទាប់ពីការស៉ើបអង្កេតលើការវាយប្រហារតាមផ្លូវអាកាស ដែលបណ្តាលឱ្យទៅលើបុគ្គលិកផ្តល់ជំនួយ រួមទាំងជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Zomi Frankcom បានរកឃើញនូវកំហុសធ្ងន់ធ្ងរ និងការបំពាននីតិវិធី៕