(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បានអនុម័តលើការបើកឡើងវិញនូវច្រក Erez ចូលទៅក្នុងតំបន់ហ្គាហ្សាភាគខាងជើង និងអាចប្រើកំពង់ផែ Ashdod ដែលស្ថិតនៅភាគខាងត្បូងប្រទេសជាបណ្តោះអាសន្ន តាមការទាមទាររបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនលំហូរជំនួយមនុស្សធម៌។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ ២០២៤។
ការអនុម័តនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីសន្តិសុខ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីបង្កើនជំនួយមនុស្សធម៌ សម្រាប់ប្រជាជនក្នុងតំបន់ហ្គាហ្សា។ បន្ថែមពីលើការបើកច្រកផ្លូវគោក Erez ដែលបានបិទអំឡុងការវាយប្រហារ របស់ក្រុមហាម៉ាសថ្ងៃទី៧ តុលាហើយនោះ គណៈរដ្ឋមន្រ្តីសន្តិសុខរបស់អ៉ីស្រាអែល ក៏អនុម័តឱ្យមានការនាំយកជំនួយចូលតាមច្រក Kerem Shalom ពីប្រទេសហ្ស៊កដានីផងដែរ។
គួរបញ្ជាក់ថា ក្នុងជំនួបតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តីអ៉ីសា្រអែល Benjamin Netanyahu លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានទាមទារឱ្យមានសកម្មភាពជាក់លាក់ ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅហ្គាហ្សា ដោយនិយាយថា លក្ខខណ្ឌពាក់ព័ន្ធនឹងជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់អ៉ីស្រាអែល អាចនឹងត្រូវដាក់ចេញប្រសិនគ្មានការទទួលខុសត្រូវលើបញ្ហានេះ៕