(ប៉េកាំង)៖ ពេលចូលរួមក្នុងសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅក្នុងរដ្ឋធានីប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ថា ប្រជាជនទាំងអស់គួរដាំដើមឈើដើម្បីបង្កើនពណ៌បៃតង និងរួមគ្នាកសាងប្រទេសចិនដ៏ស្រស់ស្អាត។

នៅពេលចូលរួម ក្នុងសកម្មភាពដាំដើមឈើ ដោយស្ម័គ្រចិត្តនៅរដ្ឋធានីប៉េកាំងនាព្រឹកថ្ងៃទី ៣ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុនីស្តចិន ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានគូសបញ្ជាក់ថា មុននិងក្រោយពិធីបុណ្យឆេងមេង ទឹកដីនៃប្រទេសចិនគឺពោរពេញទៅដោយភាពរស់រវើក ហើយវាជាពេលវេលាដ៏ល្អសម្រាប់ការដាំដើមឈើ។

ថ្ងៃនេះយើងដាំដើមឈើជាមួយគ្នា គឺដើម្បីអំពាវនាវឱ្យអ្នកទាំងអស់គ្នាចូលរួមយ៉ាងសកម្មទៅក្នុងការដាំដើមឈើ និងថែរក្សាព្រៃឈើ គ្រប់គ្នាខិតខំធ្វើជាអ្នកនាំសារពណ៌បៃតង និងជាអ្នកត្រួសត្រាយផ្នែកអេកូឡូស៊ី ដើម្បីបន្ថែមពណ៌បៃតងនិងរួមចំណែកក្នុងការកសាង ប្រទេសចិនដ៏ស្រស់ស្អាត និងរួមគ្នាសរសេរទំព័រថ្មីនៃការធ្វើទំនើបកម្មបែបផែនចិន ដែលមនុស្ស និងធម្មជាតិរួមរស់ជាមួយគ្នា ដោយសុខដុមរមនា។

ក្នុងអំឡុងពេលដាំដើមឈើ លោក Xi Jinping បានសំណេះសំណាលយ៉ាងជិតស្និទ្ធ ជាមួយកម្មាភិបាលនិងមហាជនដែលមានវត្តមាន ។ លោកបានបន្តថា បន្ទាប់ពីធ្វើការនៅរដ្ឋាភិបាលមជ្ឈិម លោកបានចូលរួមសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្ត នៅរដ្ឋធានីប៉េកាំងរយៈពេល ១៧ ឆ្នាំជាប់ៗគ្នា។ លោកបានលើកឡើងថា ឆ្នាំនេះជាខួបលើកទី ៤៥ នៃរុក្ខទិវារបស់សាធារណៈរដ្ឋប្រជាមានិតចិន។ ប្រជាជននៅទូទាំងប្រទេសចិន បានបន្តដាំដើមឈើ ប្រែក្លាយភ្នំអត់ស្មៅដុះទៅជាភ្នំព្រៃ និងបំប្លែងវាលខ្សាច់ទៅជាវាលបៃតង ដោយទទួលបានសមិទ្ធិផលដែលទាក់ទាញ ចំណាប់អារម្មណ៍ពីទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ គួរកត់សំគាល់ថា បញ្ហាកង្វះព្រៃឈើរបស់ប្រទេសចិននៅតែលេចធ្លោ ហើយតួនាទីព្រៃឈើក្នុងនាមជា “រតនាគារ”នៅ មិនទាន់មានដំណើរការពេញលេញនៅឡើយ។ ការបន្ថែមបៃតងគឺជាការបន្ថែមអត្ថប្រយោជន៍ ហើយការដាំដើមឈើគឺជាការដាំអនាគត ។ យើងត្រូវដាំដើមឈើពីមួយជំនាន់ទៅមួយជំនាន់ទៀត ដើម្បីបន្តបង្កើន "ទ្រព្យសម្បត្តិបៃតង" របស់យើង៕

វិទ្យុមិត្តភាពកម្ពុជាចិន