(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង នឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធា ១គ្រឿងទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នៅឯសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤។
អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិទីក្រុងសេអ៊ូល បានប្រាប់ AFP ថា សេចក្តីរាយការណ៍ក្នុងស្រុក ដែលអះអាងថា ការបាញ់បង្ហោះនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែមេសា នៅឯសហរដ្ឋអាមេរិក គឺត្រឹមត្រូវហើយ ខណៈព័ត៌មានលម្អិតបន្ថែមទៀត នឹងត្រូវចែករំលែកនៅសប្តាហ៍ក្រោយ។ វានឹងជាការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធាគ្រឿងទី២ របស់កូរ៉េខាងត្បូង។
កាលពីខែធ្នូ ឆ្នាំ២០២៣ ទីក្រុងសេអ៊ូលបានប្រកាសពីជោគជ័យ នៃការបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធាទី១របស់ខ្លួន ដែលត្រូវបាននាំយកទៅកាន់ទីអវកាស តាមរយៈរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX។ ការបាញ់បង្ហោះលើកទី២ នឹងត្រូវធ្វើឡើងចេញពីមជ្ឈមណ្ឌល John F. Kennedy Space Center ក្នុងរដ្ឋ Florida របស់អាមេរិក តាមរយៈរ៉ុក្កែត Falcon 9 ដដែល។ កូរ៉េខាងត្បូងមានផែនការបាញ់បង្ហោះ ផ្កាយរណបចារកម្មសរុប៥គ្រឿង នៅត្រឹមឆ្នាំ២០២៥ ដើម្បីពង្រឹងការតាមដានសកម្មភាព របស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីអំឡុងចុងឆ្នាំមុន គឺកាលពីខែវិច្ឆិកា កូរ៉េខាងជើងក៏បានបាញ់បង្ហោះ ផ្កាយរណបស៉ើបការណ៍យោធាដំបូងរបស់ខ្លួនដែរ។ ជោគជ័យនោះ ត្រូវសម្រេចបាន ក្រោយទីក្រុងព្យុងយ៉ាងទទួលបរាជ័យ២លើក កាលពីខែឧសភា និងខែសីហា ឆ្នាំដដែល៕