(បែរឡាំង)៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសពីការរៀបចំ រចនាសម្ព័ន្ធយោធាឡើងវិញ ដែលរួមមានទីបញ្ជាការកណ្តាលថ្មីមួយ ហើយនិងអង្គភាពសម្រាប់ទទួលបន្ទុកផ្នែកព័ត៌មានវិទ្យា ខណៈវាគឺជាការបន្តកែទម្រង់ថែមទៀត ចំពោះកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ (Bundeswehr) ដែលត្រូវបានផ្តើមឡើង ដើម្បីឆ្លើយតបនឹង សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ ២០២៤។
លោក Pistorius បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងបែរឡាំងថា «មិនគួរមាននរណាម្នាក់មានគំនិតវាយប្រហារយើង ក្នុងនាមទឹកដីណាតូនោះទេ»។ លោក Pistorius និយាយថា Bundeswehr ត្រូវការថវិកាបន្ថែមចំនួន ៦.៥ពាន់លានអឺរ៉ូ នៃកញ្ចប់ថវិកាឆ្នាំ ២០២៥ ស្របពេលដែលគណៈរដ្ឋមន្រ្តីកំពុងស្វែងរកមូលនិធិ ដើម្បីសម្រេចគោលដៅចំណាយរបស់អង្គការណាតូ។ នៅក្រោមរចនាសម្ព័ន្ធថ្មីនេះ ទីបញ្ជាការកណ្តាលនឹងរួមបញ្ចូលគ្នា នូវទីបញ្ជាការចាស់ចំនួន២ ដែលទទួលបន្ទុកការដាក់ដាច់ដោយឡែកពីគ្នា ចំពោះពង្រាយកងកម្លាំងក្នុងស្រុកនិងនៅបរទេស ខណៈដែលរៀបចំអង្គភាពផ្នែកព័ត៌មានវិទ្យា នឹងផ្តោតលើការគំរាមកំហែងប្រភេទថ្មីៗ ដូចជាព័ត៌មានក្លែងក្លាយ។ ប៉ុន្តែលោក Pistorius មិនបានធ្វើសេចក្តីប្រកាសណាមួយនោះទេ ជុំវិញលទ្ធភាពនៃការដាក់ចេញឡើងវិញ នូវគោលការណ៍បំពេញកាតព្វកិច្ចយោធា ក្នុងប្រទេសអាល្លឺម៉ង់ ខណៈបញ្ហានេះត្រូវបានជជែកដេញដោល ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសការផ្លាស់ប្តូរជាច្រើន នៅក្នុងប្រព័ន្ធយោធារបស់អាល្លឺម៉ង់ ដោយសារតែសង្គ្រាមអ៊ុយក្រែន ដោយបានប្តេជ្ញាធ្វើទំនើបកម្មយោធា និងជំរុញការចំណាយលើ វិស័យការពារជាតិ ដើម្បីបំពេញតាមគោលដៅរបស់ណាតូគឺ ២ភាគរយនៃអត្រា GDP (ផលិតផលក្នុងស្រុកសរុប)៕