(ម៉ានីល)៖ ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃសុក្រ ទី៥ ខែមេសានេះបាននិយាយថាកិច្ចប្រជុំកំពូលត្រីភាគីរវាងមេដឹកនាំអាមេរិក ជប៉ុន និងហ្វីលីពីន នឹងរួមមានបញ្ចូលកិច្ចពិភាក្សា ស្ដីពីឧបទ្ទវហេតុដែលបានកើតឡើងនាពេលថ្មីៗនេះក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកប្រធានាធិបតីអាមេរិក Joe Biden នឹងត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ក្នុងកិច្ចប្រជុំ ត្រីភាគីមួយនៅសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅក្នុងសន្និសីទសារព័ត៌មានមួយ អនុរដ្ឋលេខាធិការស្ដីទីនៃក្រសួងការបរទេសហ្វីលីពីន លោក Hans Mohaimin Siriban បានបញ្ជាក់ថាកិច្ចប្រជុំកំពូលនៅសប្ដាហ៍ក្រោយនេះមិនមានគោលដៅលើប្រទេសណាមួយទេ បើទោះជាប្រទេសទាំង៣ បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះការកើនឡើងឥទ្ធិពលចិនក្នុងតំបន់ក៏ដោយ។ លោក Siriban បន្ថែមទៀតថាលោក Biden និងលោក Marcos ក៏នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកមួយផងដែរ។

គួរបញ្ជាក់ថា មួយរយៈកាលចុងក្រោយនេះ ចិន និងហ្វីលីពីនបានប៉ះទង្គិចគ្នាជាបន្តបន្ទាប់ នៅក្នុងតំបនសមុទ្រចិនខាងត្បូង ក្នុងនោះរួមមានទាំងឧបទ្ទវហេតុកាលពីខែមីនាកន្លងទៅដែល ហ្វីលីពីនបានចោទប្រកាន់នាវាឆ្មាំសមុទ្រចិនថាបានប្រើកាណុងបាញ់ទឹកលើទូករបស់ខ្លួន៕