(ហ្គាហ្សា)៖ មន្ត្រីក្រុមហាម៉ាស់ លោក Osama Hamdan បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចចរចាបទឈប់បាញ់នៅហ្គាហ្សាមិនមានភាពរីកចម្រើនទេ បើទោះបីជាក្រុមប៉ាឡេស្ទីន បង្ហាញភាពបត់បែនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។
លោក Hamdan បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បង្កើតឧបសគ្គជាច្រើនដើម្បីរារាំងភាគីទាំងពីរ មិនឱ្យឈានដល់កិច្ចព្រមព្រៀងមួយ ហើយថា គាត់មិនចាប់អារម្មណ៍ ក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលនោះទេ។
លោកបានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុង Beirut ដូច្នេះថា «រដ្ឋាភិបាល (អ៊ីស្រាអែល) នៅតែគេចវេស ហើយការចរចាកំពុងស្ថិតក្នុងដំណើរការដ៏អាក្រក់»។
គួរជម្រាបថា រហូតមកដល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប និងកាតា ដែលគាំទ្រដោយសហរដ្ឋអាមេរិក បរាជ័យក្នុងការសម្រេចបានបទឈប់បាញ់។ ខណៈពេលដែលក្រុមហាម៉ាស់ ចង់បានកិច្ចព្រមព្រៀងឈប់បាញ់ណាមួយ ដើម្បីធានាការបញ្ឈប់ការវាយលុករបស់យោធាអ៊ីស្រាអែល អ៊ីស្រាអែលឯណោះវិញ គឺចង់បានកិច្ចព្រមព្រៀងដោះលែងអ្នកទោសប៉ាឡេស្ទីន ជាថ្នូរនឹងចំណាប់ខ្មាំង ប៉ុន្តែបានបដិសេធមិនព្រមបញ្ឈប់យុទ្ធនាការយោធា របស់ខ្លួនឡើយ។
នៅតំបន់ហ្គាហ្សា ក្រសួងសុខាភិបាលនៅស្ទ្រីបប៉ាឡេស្ទីនបាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបន្តកំណត់គោលដៅនៅទូទាំងតំបន់ប៉ាឡេស្ទីន ដោយបានសម្លាប់មនុស្ស ៦២ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ៕