(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះបានផ្អាកការអនុញ្ញាតច្បាប់ឈប់សម្រាក សម្រាប់អង្គភាពប្រយុទ្ធទាំងអស់ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហិង្សា បន្ទាប់ពីការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ នៅទីក្រុងដាម៉ាសនៃប្រទេសស៊ីរីក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។
កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោងទៅតាមការវាយតម្លៃអំពីស្ថានភាព វាត្រូវបានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ន ចំពោះការអនុញ្ញាតច្បាប់ឈប់សម្រាក សម្រាប់អង្គភាពប្រយុទ្ធទាំងអស់ នៃកងកម្លាំងការពារអ៊ីស្រាអែល»។
របាយការណ៍បានបន្ថែមថា «កងទ័ពអ៊ីស្រាអែលស្ថិតក្នុងស្ថានភាពនៃសង្រ្គាម ហើយថា កំពុងវាយតម្លៃជានិច្ចនូវការដាក់ពង្រាយទ័ពតាមតម្រូវការ»។
កាលពីថ្ងៃពុធ យោធាបាននិយាយថាខ្លួនបានកោះហៅទាហានបម្រុង ដើម្បីពង្រឹងការការពារដែនអាកាស។ ចំណែកសេវាកម្ម GPS ក៏ត្រូវបានរំខាន នៅក្នុងវិធានការជាក់ស្តែងមួយ ដើម្បីបង្កើនការការពារប្រឆាំងនឹងមីស៊ីល។
គួរជម្រាបថា អ៊ីរ៉ង់បានប្តេជ្ញាសងសឹកចំពោះការសម្លាប់ឧត្តមសេនីយពីររូប និងទីប្រឹក្សាយោធាប្រាំនាក់របស់ខ្លួន ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើបរិវេណស្ថានទូតអ៊ីរ៉ង់ ក្នុងរដ្ឋធានីដាម៉ាសប្រទេសស៊ីរី កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ចំណែកឯ ចិនតាមរយៈអ្នកនាំពាក្យការបរទេសរបស់ខ្លួន ក៏បានថ្លោលទោសចំពោះការវាយប្រហារនេះផងដែរ ដោយបន្ថែមថា «រាល់សកម្មភាពទាំងអស់ នឹងនាំទៅរកភាពតានតឹងកាន់តែខ្លាំង»៕