(ណៃពិដោ)៖ របបសឹកនៅប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងសន្តិសុខបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៧គ្រឿង នៅលើទីក្រុងណៃពិដោដែលជារដ្ឋធានីរបស់មីយ៉ាន់ម៉ា ខណៈវាជាសកម្មភាពវាយប្រហារកម្រមួយ ដោយក្រុមចលនាតស៊ូប្រឆាំងរដ្ឋាភិបាលយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា យន្តហោះដ្រូនចំនួន៤គ្រឿង បានហោះឆ្ពោះទៅរកអាកាសយានដ្ឋាននៃទីក្រុងណៃពិដោ រីឯ៣គ្រឿងទៀត សំដៅទៅរកតំបន់ Zayarthiri ក្នុងរដ្ឋធានីមីយ៉ាន់ម៉ា ប៉ុន្តែពួកវាត្រូវបានបាញ់ទម្លាក់ដោយជោគជ័យ និងពុំមានការខូចខាត ឬមនុស្សរងគ្រោះថ្នាក់ទេ។ បើតាមប្រភពនៅអាកាសយានដ្ឋានណៃពិដោ ព្រលានយន្តហោះនេះ បានផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នមួយរយៈខ្លី ក្រោយហេតុការណ៍ខាងលើ ដែលបានកើតឡើង កាលពីវេលាម៉ោងខ្ទង់១០ព្រឹក (ម៉ោងក្នុងតំបន់) ហើយដ្រូន១គ្រឿង នៅក្នុងចំណោមយន្តហោះដ្រូនដែលត្រូវបានបាញ់ទម្លាក់ គឺមានផ្ទុកគ្រឿងផ្ទុះ។
គួរបញ្ជាក់ថា នៅក្នុងថ្ងៃដដែលនេះ មុនការចេញសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលយោធា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា ក៏បានរាយការណ៍ដែរថា ក្រុមចលនាតស៊ូដែលកំពុងប្រយុទ្ធតតាំងប្រឆាំងរបបសឹក ក្រោយរដ្ឋប្រហារដណ្តើមអំណាចកាលពីឆ្នាំ២០២១ បានអះអាងថា ពួកគេបានបាញ់បង្ហោះយន្តហោះដ្រូនជាច្រើនគ្រឿង ឆ្ពោះទៅកាន់គោលដៅរបស់កងកម្លាំងយោធា នៅរដ្ឋធានីណៃពិដោ៕