(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលនៅតំបន់ Gaza Strip បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចកើនដល់៣៣,០៣៧នាក់ហើយ ដែលបានបាត់បង់ជីវិត នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ អំឡុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤។
ក្រសួងសុខាភិបាល Gaza បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា តួលេខខាងលើរាប់បញ្ចូលទាំង ចំនួនអ្នកស្លាប់យ៉ាងតិច៦២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈសរុបមកទល់នឹងពេលឥឡូវនេះ តួលេខអ្នករងរបួសនៅ Gaza ដោយសារតែសង្រ្គាម ក៏បានបន្តកើនឡើងដល់ចំនួន ៧៥,៦៦៨នាក់ផងដែរ។ ស្របពេលដែលសង្រ្គាម បានអូសបន្លាយអស់រយៈពេលជិត៦ខែមកហើយ ពន្លឺនៃការបិទបញ្ចប់ទៅវិញ គឺមិនទាន់ត្រូវគេមើលឃើញ នៅឡើយទេ។
គួរបញ្ជាក់ថា អ៉ីស្រាអែលបាននិងកំពុងធ្វើសង្រ្គាមប្រឆាំងក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ Gaza ចាប់តាំងតែពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក នៅពេលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានធ្វើសកម្មភាពឆ្មក់វាយលុកទ្រង់ទ្រាយធំ លើអ៉ីស្រាអែល ហើយសម្លាប់មនុស្សប្រហែល១,២០០នាក់ និងចាប់មនុស្សប្រមាណ២៥០នាក់ទៀត យកទៅធ្វើជាចំណាប់ខ្មាំង៕