(កៀវ)៖ ក្រុមន្រ្តីនិយាយថា ការវាយប្រហារដោយយន្តហោះដ្រូន ទៅលើប្លុកអាផាតមិនខ្ពស់ៗ និងផ្ទះអ្នកស្រុកក្នុងទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២របស់អ៊ុយក្រែនបណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ ២០២៤។

អភិបាលតំបន់ Kharkiv លោក Oleh Synehubov បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា មនុស្សចំនួន ៤នាក់ដែលស្លាប់ មានក្រុមសង្រ្គោះ ៣នាក់ក្រោមការវាយប្រហារផ្ទួនៗលើទីតាំងតែមួយ និងបណ្តាលឱ្យមនុស្សចំនួន ១២នាក់រងរបួសដោយ ៣នាក់របួសធ្ងន់។ បើតាមលោក Synehubov រុស្ស៉ីប្រើដ្រូនយ៉ាងហោចណាស់ ១៥គ្រឿងបាញ់មកលើទីក្រុង Kharkiv។ ចំណែកឧត្តមសេនីយ៍អ៊ុយក្រែន និយាយថា យោធាបានបាញ់ទម្លាក់ដ្រូន Shahed ក្នុងចំណោម ២០គ្រឿងក្នុងការវាយប្រហារ កាលពីយប់មិញ។ ការិយាល័យរដ្ឋអាជ្ញានៅ Kharkiv បានឱ្យដឹងថា អគារស្នាក់នៅរបស់អ្នកស្រុក ហាងលក់ទំនិញ កន្លែងលក់ថ្នាំពេទ្យ និងរថយន្តផ្សេងទៀតត្រូវរងការខូចខាត។ ដ្រូនក៏បានវាយប្រហារចំរោងចក្រថាមពលកំដៅ Zmiivska នៅក្នុងតំបន់ផងដែរ ដោយបង្កើនសម្ពាធដល់ប្រព័ន្ធថាមពល ដែលរងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ីស្រាប់ទៅហើយ។

គួរបញ្ជាក់ថា Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានទេ ខណៈដែលរុស្ស៉ី តែងតែច្រានចោល នូវការវាយប្រហារលើជនស៉ីវិល ក្នុងសង្រ្គាមជាង ២៥ខែមកនេះ៕