(ឡុងដ៍)៖ លោកនាយករដ្ឋមន្រ្តីអង់គ្លេស Rishi Sunak កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង ជុំវិញការទាមទារឱ្យបញ្ឈប់ការលក់អាវុធឱ្យអ៉ីស្រាអែល បន្ទាប់ពីបុគ្គលិកផ្តល់ជំនួយ ៧នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា ដោយក្នុងនោះមានជនជាតិអង់គ្លេស ៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤។

គិតចាប់តាំងពីឆ្នាំ២០១៨មក ចក្រភពអង់គ្លេសសម្រេចបានការលក់អាវុធ និងសម្ភារយោធាទៅឱ្យអ៉ីស្រាអែល ក្នុងទំហំទឹកប្រាក់ច្រើនជាង ៥៧០លានផោន ឬស្មើនឹង ៧១៩លានដុល្លារ។ គណបក្សប្រឆាំងធំៗ ៣នៅអង់គ្លេស និងសមាជិកសភាមួយចំនួននៃរដ្ឋាភិបាលបក្សកាន់អំណាច កាលពីថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា រដ្ឋាភិបាលអង់គ្លេសគួរតែពិចារណាផ្អាកការលក់នេះទៅកាន់អ៉ីស្រាអែល។ ចំណែក លោកនាយករដ្ឋមន្រ្តី Sunak បានប្រឆាំងនឹងការអំពាវនាវ នោះ ប៉ុន្តែការស្ទង់មតិមួយចេញផ្សាយដោយសារព័ត៌មាន The Guardian បង្ហាញថាប្រជាជនចក្រភពអង់គ្លេសភាគច្រើនគាំទ្រការហាមឃាត់ការលក់អាវុធឱ្យ អ៉ីស្រាអែល។

គួរបញ្ជាក់ថា ការវាយប្រហារលើក្បួនរថយន្តរបស់ក្រុមការងារ នៃទីភ្នាក់ងារផ្តល់ជំនួយ World Central Kitchen បានសម្លាប់ជនជាតិអូស្រ្តាលី អង់គ្លេស ប៉ូឡូញ ក៏ដូចជាជនជាតិប៉ាឡេស្ទីន និងពលរដ្ឋសញ្ជាតិសហរដ្ឋអាមេរិក-កាណាដាម្នាក់ផងដែរ។ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ថាការវាយប្រហារនេះកើតឡើងដោយអចេតនា ហើយយោធាអ៉ីស្រាអែលសន្យាបើកការស៉ើបអង្កេតឯករាជ្យមួយ៕