(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកម្នាក់ បាននិយាយថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងបើកកិច្ចពិភាក្សាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដែលនឹងក្លាយជាកិច្ចសន្ទនាលើកដំបូងរវាងមេដឹកនាំទាំង២ ចាប់តាំងពីការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលបានសម្លាប់បុគ្គលិកមនុស្សធម៌ ៧នាក់ ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤។

ថ្លែងប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកម្នាក់បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថាលោកប្រធានាធិបតី បៃដិន និងលោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ នឹងបើកកិច្ចពិភាក្សាមួយនៅថ្ងៃស្អែក (ថ្ងៃព្រហស្បតិ៍)»

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថាយោធាអ៉ីស្រាអែលបានសម្លាប់បុគ្គលិកមនុស្ស៧នាក់ របស់អង្គការ World Central Kitchen ដោយអចេតនា ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ ជនរងគ្រោះដែលត្រូវបានសម្លាប់រួមមានពលរដ្ឋម្នាក់មាន សញ្ជាតិ២គឺអាមេរិក និងកាណាដា អង់គ្លេស ៣នាក់ ប៉ូឡូញម្នាក់ អូស្រ្តាលីម្នាក់ និងជនជាតិប៉ាឡេស្ទីនម្នាក់។

គួរបញ្ជាក់ថា​ លោក ចូ បៃដិន បានបង្ហាញការខកចិត្តជាខ្លាំងចំពោះបរាជ័យរបស់អ៉ីស្រាអែល ក្នុងការការពារបុគ្គលិកមនុស្សធម៌ និងជនស៊ីវិលប៉ាឡេស្ទីន។ ប៉ុន្តែសេតវិមានបញ្ជាក់ថាលោក បៃដិន នៅតែបន្តគាំទ្រដល់សិទ្ធិស្វ័យការពារខ្លួនរបស់អ៉ីស្រាអែល ហើយគ្មានគម្រោងរឹតត្បិត ឬបញ្ឈប់ការផ្គត់ផ្គង់អាវុធឱ្យ អ៉ីស្រាអែលនោះទេ៕