(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក Anthony Albanese នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសានេះ បាននិយាយថាការពន្យល់របស់អ៉ីស្រាអែលចំពោះការវាយប្រហារតាមផ្លូវអាកាស របស់ខ្លួនដែលបានសម្លាប់បុគ្គលិកជំនួយមនុស្សធម៌ ៧នាក់ ក្នុងនោះមានស្ត្រីជនជាតិអូស្រ្តាលីម្នាក់ឈ្មោះ Zomi Frankcom ក្នុងតំបន់ហ្កាហ្សា គឺមិនអាចទទួលយកបានឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

អ៉ីស្រាអែលកាលពីថ្ងៃអង្គារកន្លងទៅ បាននិយាយថាទាហានរបស់ខ្លួនបានសម្លាប់បុគ្គលិកជំនួយមនុស្សធម៌ ៧នាក់ របស់អង្គការ World Central Kitchen ដោយអចេតនា ប្រឈមមុខ នឹងការថ្កោលទោសពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្តមានទាំងសហរដ្ឋអាមេរិកផងដែរ។ បុគ្គលិកជំនួយមនុស្សធម៌ទាំង៧នាក់ ត្រូវបានបញ្ជាក់ថាជាពលរដ្ឋមកពីអូស្ត្រាលី ចក្រភពអង់គ្លេស និងប៉ូឡូញ រួមទាំងជនជាតិប៉ាឡេស្ទីន និងពលរដ្ឋមានសញ្ជាតិ២គឺអាមេរិក និងកាណាដា។

នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងស៊ីដនី លោក Albanese បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវការការទទួលខុសត្រូវថាតើរឿងនោះវាកើតឡើងដោយរបៀបណា ហើយអ្វី ដែលមិនអាចទទួលយកបាន នោះគឺការធ្វើសេចក្ដីថ្លែងការណ៍មួយចំនួន ក្នុងនោះមានទាំងការនិយាយថាវាជារឿងធម្មតាដែលកើតឡើងនៅក្នុងសង្រ្គាម»។ ការលើកឡើងបែបនេះ របស់លោក Albanese ទំនងជាសំដៅដល់ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅក្នុងសារជាវីដេអូមួយ កាលពីថ្ងៃអង្គារថា ការវាយប្រហារសម្លាប់បុគ្គលិកជំនួយមនុស្សធម៌ ជារឿងចៃដន្យកើតឡើងនៅក្នុងសង្រ្គាម ខណៈយោធាអ៉ីស្រាអែលសន្យាថានឹងបើកការស៊ើបអង្កតដោយឯករាជ្យមួយ។

គួរបញ្ជាក់ថា លោក Jose Andres ដែលជាស្ថាបនិកអង្គការ World Central Kitchen បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធថាការវាយប្រហាររបស់អ៉ីស្រាអែល គឺមានចេតនាកំណត់គោលដៅលើបុគ្គលិករបស់លោក ពីរថយន្ដមួយ ទៅរថយន្ដមួយ៕