(ញូវដេលី)៖ មន្ត្រីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា ការផ្ទុះនៅរោងចក្រគីមីមួយក្នុងរដ្ឋ Telangana ភាគខាងត្បូងប្រទេសឥណ្ឌានៅថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និង ១៦ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។
មន្ត្រីប៉ូលីស លោក CH Rupesh បាននិយាយថា «យើងបានបញ្ជូនក្រុមជួយសង្គ្រោះដែលមានសមាជិក ៤០ នាក់នៅនឹងកន្លែង ហើយអ្នកជាប់នៅក្នុងនោះទាំងអស់ត្រូវបានជួយសង្គ្រោះហើយ»។
លោកបានបន្ថែមថា រោងចក្រនេះជារបស់ក្រុមហ៊ុនឱសថ SB Organics ហើយនាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់ ត្រូវបានគេសង្ស័យថាបានស្លាប់ក្នុងឧបទ្ទវហេតុនេះ។
ទោះជាយ៉ាងណា ភ្លាមៗនេះទីភ្នាក់ងារ Reuters មិនអាចទាក់ទងនឹងក្រុមហ៊ុនដើម្បីសុំការអត្ថាធិប្បាយបានទេ៕