(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា រុស្ស៊ីបានចាត់ទុកការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពរុស្ស៊ីថា ជាសកម្មភាពមិនគួរឱ្យរាក់ទាក់ ហើយប្តេជ្ញាថានឹងចាត់វិធានការឆ្លើយតបវិញ នៅពេលសមស្របណាមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

កាលពីថ្ងៃអង្គារ កូរ៉េខាងត្បូង​បាន​ដាក់​ទណ្ឌកម្ម​លើ​កប៉ាល់​រុស្ស៊ី​ពីរ​គ្រឿង​ដែល​ខ្លួន​និយាយ​ថា​ បាន​ដឹក​ទំនិញ​យោធា​ទៅកាន់​កូរ៉េខាងជើង។ ទន្ទឹមគ្នានេះ ទីក្រុងសេអ៊ូលក៏បានដាក់ទណ្ឌកម្មលើអង្គការរុស្ស៊ីចំនួនពីរ និងពលរដ្ឋរុស្ស៊ីដែលមានទំនាក់ទំនងជាមួយកម្ម​​​​វិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទប្រចាំសប្តាហ៍ថា «នេះគឺជាទង្វើមិនរាក់ទាក់របស់ទីក្រុងសេអ៊ូល ហើយជាការសោកស្តាយយ៉ាងខ្លាំង។ ខ្ញុំសូមសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មខុសច្បាប់ នឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងជាមួយរុស្ស៊ី»។

លោកស្រីបានបន្ថែមថា «រុស្ស៊ីកំពុងអភិវឌ្ឍទំនាក់ទំនងល្អជាមួយប្រទេសកូរ៉េខាងជើងជាមិត្ត ស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិ ដោយមិនប៉ះពាល់ដល់សន្តិសុខជាតិរបស់កូរ៉េខាងត្បូងទេ»

គួរជម្រាបថា ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងត្រូវបានពង្រឹងកាលពីឆ្នាំមុន បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅរុស្ស៊ី។ កាលពីសប្តាហ៍មុន រុស្ស៊ីបានវេតូលើការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ នៃក្រុមអ្នកជំនាញដែលត្រួតពិនិត្យទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលដាក់លើកូរ៉េខាងជើងជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។

ចំណាត់ការនេះកើតឡើងចំពេលមានការចោទប្រកាន់ ដែលដឹកនាំដោយសហរដ្ឋអាមេរិកថា កូរ៉េខាងជើងបានផ្ទេរអាវុធទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែកាលពីឆ្នាំមុនបានប្តេជ្ញាថា នឹងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ៕