(ប៉េកាំង)៖ មេដឹកនាំប្រទេសចិននិងសហរដ្ឋអាមេរិក បានធ្វើកិច្ចសន្ទនាជាមួយគ្នារយៈពេល១០៥នាទី តាមទូរស័ព្ទ ដោយបានជជែកគ្នា ដោយត្រង់ទៅត្រង់មកអំពីរឿងរ៉ាវរវាងគ្នា ទៅវិញទៅមក។ មេដឹកនាំប្រទេសចិន បានព្រមានមេដឹកនាំសហរដ្ឋអាមេរិក មិនត្រូវលូកដៃកកូរកកាយជា ដាច់ខាតលើបញ្ហាកោះតៃវ៉ាន់ ខណៈមេដឹកនាំសហរដ្ឋអាមេរិក បានព្រមានចិនលើបញ្ហាមួយ ចំនួនផងដែរ។

ប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping បានធ្វើកិច្ចពិភាក្សាគ្នានៅថ្ងៃអង្គារ៍ តាមប្រព័ន្ធទំនាក់ទំនងទូរស័ព្ទ ជុំវិញបញ្ហាតៃវ៉ាន់, បញ្ញាសិប្បនិមិត្ត AI, បញ្ហាសន្តិសុខក្នុងតំបន់និងពិភពលោក។ ការជជែកគ្នានេះ គឺនៅទន្ទឹមភាពតានតឹងរវាង ប្រទេសមហាអំណាចពិភពលោកទាំង២នេះ បានក្លាយជាកង្វល់របស់ពិភពលោក ពីព្រោះបើសហរដ្ឋអាមេរិកនិងចិនមិនត្រូវគ្នានោះទេ វិបត្តិសេដ្ឋកិច្ចនិងក្តីកង្វល់នៃកត្តាសន្តិសុខពិភពលោក គឺជាកង្វល់រួមរបស់ប្រទេសជាច្រើននៅលើពិភពលោក ជាមិនខានឡើយ។

មន្ត្រីសេតវិមាន បានពណ៌នាថាការនិយាយទូរសព្ទដាក់គ្នា ទៅវិញទៅមកនោះ ថាជាការនិយាយក្នុងលក្ខណៈ "ស្មោះត្រង់ឥតលាក់លៀម និងស្ថាបនា" ។ នេះជាការសន្ទនា លើកដំបូង របស់មេដឹកនាំកំពូលនៃប្រទេសមហាអំណាចទាំង២ ចាប់តាំងពីកិច្ចប្រជុំកំពូលខែវិច្ឆិកាឆ្នាំមុន របស់មេដឹកនាំទាំង២នៅរដ្ឋកាលីហ្វ័រញ៉ា ដែលពេលនោះ បានបង្កើតទំនាក់ទំនងសាជាថ្មីរវាង យោធារបស់ប្រទេសទាំងពីរ និងការសន្យាកិច្ចសហប្រតិបត្តិការពង្រឹង លើការបញ្ឈប់លំហូរ នៃសារធាតុ fentanyl ពីប្រទេសចិន។

លោក ស៊ី ជីនពីង បានប្រាប់លោក Joe Biden ក្នុងកិច្ចសន្ទនាក្នុងឆ្នាំ២០២៤នេះថា ប្រទេសទាំងពីរគួរតែប្រកាន់ខ្ជាប់ នូវចំណុចសំខាន់នៃ “គ្មានការប៉ះទង្គិចគ្នា, គ្មានការប្រឈមមុខដាក់គ្នា” ដែលជាគោលការណ៍មួយ ក្នុងចំណោមគោលការណ៍ សម្រាប់ឆ្នាំ២០២៤នេះ។ ទូរទស្សន៍រដ្ឋរបស់ចិន បានផ្សាយដកស្រង់សម្តី របស់មេដឹកនាំចិនដែលនិយាយប្រាប់ប្រធានា ធិបតីអាមេរិកថា «យើងគួរតែផ្តល់អាទិភាព ដល់កត្តាស្ថិរភាព, មិនបង្កបញ្ហាដាក់គ្នា, មិនឆ្លង ខ្សែបន្ទាត់រវាងគ្នានិងគ្នា ប៉ុន្តែរក្សាស្ថិរភាពទាំងស្រុងរវាងទំនាក់ទំនង ចិននិងអាមេរិក។

ជំនួបគ្នាតាមទូរស័ព្ទប្រមាណ១០៥នាទីកាលពីថ្ងៃអង្គារ៍ បានកើតឡើងក្រោយកិច្ចប្រឹងប្រែង ការទូតជាច្រើនសប្តាហ៍ រវាងប្រទេសទាំង២ ដែលនាពេលខាងមុខនេះទៀត ក៏នឹងមានការ អញ្ជើញទៅបំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen ទៅកាន់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ទី៤មេសា…ចំណែក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក៏នឹងបន្តធ្វើទស្សនកិច្ចថែមទៀត ក្នុងច្រើនសប្តាហ៍ខាងមុខនេះផងដែរ។

លោកJoe Biden បានជំរុញឱ្យមានអន្តរកម្មប្រកបដោយនិរន្តរភាព នៅគ្រប់កម្រិតទំនាក់ទំនង រដ្ឋាភិបាល ដោយជឿថាវាជាគន្លឹះក្នុងការរក្សាការប្រកួតប្រជែង រវាងប្រទេសនៃមហាសេដ្ឋកិច្ច និងមហាអំណាចនុយក្លេអ៊ែរទាំង២ មិនឱ្យការភាពតានតឹងកើតឡើងដោយសារទំនាស់ផ្ទាល់ រវាងគ្នានោះឡើយ។ ខណៈពេលដែលកិច្ចប្រជុំកំពូល ដោយផ្ទាល់រវាងគ្នានិងគ្នាអាចធ្វើឡើង ក្នុងរយៈពេលមួយឆ្នាំម្តងនោះ, ក្រុមមន្ត្រីនៃប្រទេសទាំងបាននិយាយថា ទាំងរដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង បានទទួលស្គាល់ថាការជួបប្រាស្រ័យគ្នាជាញឹកញាប់ នឹងផ្តល់តម្លៃជាច្រើន សម្រាប់គ្នាទៅវិញទៅមក។

មេដឹកនាំទាំងពីរបានពិភាក្សាអំពីកោះតៃវ៉ាន់ នៅមុនថ្ងៃចូលកាន់តំណែងថ្មី របស់ប្រធានាធិបតី ថ្មីតៃវ៉ាន់ គឺលោក Lai Ching-te ដែលបានប្តេជ្ញាការពារឯករាជ្យភាពរបស់ តៃវ៉ាន់មិនឱ្យស្ថិត ក្រោមរណបប្រទេសចិន ប៉ុន្តែចង់ពង្រឹងសេរីភាព និងឯករាជ្យរបស់ខ្លួនជាមួយនឹងប្រទេស ប្រជាធិបតេយ្យផ្សេងទៀត។

លោក Joe Biden បានអះអាងសារជាថ្មីនូវគោលនយោបាយគាំទ្រ “ចិនតែមួយ” ដ៏យូរអង្វែង របស់សហរដ្ឋអាមេរិក និងបានរំលឹកឡើងវិញថា សហរដ្ឋអាមេរិកប្រឆាំងនឹង មធ្យោបាយបង្ខិតបង្ខំណាមួយក្នុងការនាំយកតៃវ៉ាន់ មកស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាលក្រុងប៉េកាំង។ សាធារណរដ្ឋប្រជាមានិតចិន បានចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុង របស់ខ្លួនដែលប្រទេស ខាងក្រៅមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបានឡើយ ហើយប្រទេសចិនជារឿយៗតែងប្រឆាំងខ្លាំងក្លាចំពោះការគាំទ្រ របស់សហរដ្ឋអាមេរិកទៅលើកោះតៃវ៉ាន់នោះ។

ប្រធានាធិបតីចិន លោកស៊ីជីនពីង បានប្រាប់លោកចូបៃដិនថា បញ្ហាតៃវ៉ាន់គឺនៅតែជា “ខ្សែ បន្ទាត់ក្រហមទីមួយ ដែលមិនអនុញ្ញាត ឱ្យមានការឆ្លងកាត់ គំនូសនេះបានឡើយ”។ លោកស៊ី ជីនពីង បានបញ្ជាក់ថារដ្ឋាភិបាលក្រុងប៉េកាំង នឹងមិនអនុគ្រោះឱ្យមាន សកម្មភាពផ្តាច់ខ្លួន ដោយកងកម្លាំងតៃវ៉ាន់ដែលចង់បានឯករាជ្យចេញពីប្រទេសចិន និងប្រឆាំងការគាំទ្រនិងភាព ទំយើនៃមជ្ឈដ្ឋាន ពីខាងក្រៅចំពោះបញ្ហាកោះតៃវ៉ាន់ ដែលសម្តីរបស់ប្រធានាធិបតីចិន នេះ ត្រូវគេចាត់ទុកថាគឺជាសម្តីបញ្ជាក់ថា ប្រទេសចិនមិនគាំទ្រឱ្យសហរដ្ឋអាមេរិក នៃប្រទេសខាងក្រៅនោះ មកលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនឡើយ។

ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទដដែលនោះដែរ, លោក Joe Biden បានលើកឡើងជុំវិញក្តី ព្រួយ បារម្ភអំពីប្រតិបត្តិការរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងសកម្មភាពកាលពីខែមុន ដែលមានការរារាំងហ្វីលីពីន ខណៈសហរដ្ឋអាមេរិកមានកាតព្វកិច្ច ការពារដោយសន្ធិសញ្ញា ពីការផ្គត់ផ្គង់កងកម្លាំងរបស់ខ្លួន នៅលើតំបន់ជម្លោះ Second Thomas Shoal ដែលស្ថិតក្នុង តំបន់ប្រជុំកោះ Spratly។

ជំនួបតាមទូរស័ព្ទរវាងមេដឹកនាំអាមេរិកនិងចិនកាលពីថ្ងៃអង្គារ៍ គឺនៅមុខច្រើនថ្ងៃដែលប្រធានាធិបតីសហរដ្ឋអាមេរិកនឹងត្រូវធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលត្រីភាគីជាមួយ មេដឹកនាំប្រទេសហ្វីលីពីននិងមេដឹកនាំប្រទេសជប៉ុន គ្រាដែលប្រទេសទាំង២ ក្នុងតំបន់កំពុងតែមានទំនាស់ ដែនទឹកជាមួយនឹងប្រទេសចិន។ លោក Joe Biden ក្នុងជំនួបតាមទូរស័ព្ទដដែល ជាមួយនឹងលោកស៊ីជីនពីង បានគាបសង្កត់ចិន ត្រូវធ្វើបន្ថែមទៀត ដើម្បីបំពេញតាម ការសន្យារបស់ខ្លួនក្នុងការបញ្ឈប់លំហូរ នៃសារធាតុញៀនខុសច្បាប់ និងទប់ស្កាត់សារធាតុគីមីដែលផលិតគ្រឿងញៀនទាំងនោះ មិនឱ្យមានការនាំចេញមកក្រៅប្រទេសឡើយ។ ការសន្យានេះត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលរបស់មេដឹកនាំ ដែលបានធ្វើឡើងនៅទីក្រុង Woodside នៃរដ្ឋកាលីហ្វ័រញ៉ា កាលពីឆ្នាំ២០២៣ ក្នុងពេលដែល មានកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងកិច្ចប្រជុំកំពូលខែវិច្ឆិកា លោក Biden និងលោក Xi នៅបានព្រមព្រៀងគ្នាទៀតថា រដ្ឋាភិបាលរបស់គេរៀងៗខ្លួន នឹងធ្វើកិច្ចពិភាក្សាជាផ្លូវការលើការសន្យានិងហានិភ័យនៃ បញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ AI ដែលគ្រោងនឹងធ្វើឡើង នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ក្នុងជំនួបកាលពីថ្ងៃអង្គារ៍កន្លងមកនេះ, មេដឹកនាំទាំងពីរបានពិភាក្សាលើបញ្ហានេះផងដែរ គឺទើបតែប្រមាណ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិកបានចូល រួមជាមួយប្រទេសជាង១២០ផ្សេងទៀត ក្នុងការគាំទ្រដំណោះស្រាយនៅអង្គការសហប្រជា ជាតិដែលអំពាវនាវឱ្យមានការការពារជាសកល ជុំវិញបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

លោក Joe Biden ក្នុងការជជែកតាមប្រព័ន្ធទូរស័ព្ទដដែល បានប្រាប់ដល់លោក Xi សូមកុំ ឱ្យមានការជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ 2024 នៅសហរដ្ឋអាមេរិក និងលោកបានបញ្ជាក់ ការប្រឆាំងចំពោះការបន្តការវាយប្រហារតាមអ៊ីនធឺណិត ដាក់មកហេដ្ឋារចនាសម្ព័ន្ធអាមេរិក សំខាន់ៗ។ លោកចូបៃដិន បានឆ្លៀតលើកឡើង ជុំវិញការព្រួយបារម្ភ អំពីសិទ្ធិមនុស្សនៅក្នុង ប្រទេសចិន រួមទាំងច្បាប់សន្តិសុខជាតិដែលរឹតបន្តឹងថ្មីរបស់ទីក្រុងហុងកុង និងការប្រព្រឹត្ត ចំពោះក្រុមជនជាតិភាគតិច ហើយលោកបានលើកឡើង ពីស្ថានភាពរបស់ជនជាតិអាមេរិក ដែលត្រូវបានឃុំខ្លួនឬរារាំង មិនឱ្យចាកចេញពីប្រទេសចិនថែមទៀត។

លោកចូបៃដិន នៅបាននិយាយដាក់សម្ពាធលើចិន ជុំវិញទំនាក់ទំនងការពារជាតិរបស់ចិនជាមួយរុស្ស៊ី ដែលកំពុងស្វែងរកការកសាង មូលដ្ឋានឧស្សាហកម្មរបស់ខ្លួនឡើងវិញ ខណៈរុស្ស៊ីកំពុងជំរុញទៅមុខជាមួយនឹង សង្ក្រាមនៅអ៊ុយក្រែន។ ហើយចូបៃដិនបានអំពាវនាវ ឲ្យរដ្ឋាភិបាលក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដាក់លើកូរ៉េខាងជើង ដើម្បីទប់ស្កាត់កូរ៉េខាងជើង លើកម្មវិធីអាវុធនុយក្លេអ៊ែ័រថែមទៀត។

លោក Xi Jinping បានត្អូញត្អែរថា សហរដ្ឋអាមេរិកបានចាត់វិធានការបន្ថែមទៀតដើម្បីគាប សង្កត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែកន្លង មកនេះ ហើយបញ្ជីឈ្មោះក្រុមហ៊ុនចិន ដែលត្រូវបានដាក់ទណ្ឌកម្ម បានក្លាយជាបញ្ជីកាន់តែ មានឈ្មោះច្រើនទៅៗ ដែលប្រការនោះមិនមែនជាការធ្វើឱ្យមានភាពស្រួលស្រណុក នោះឡើយ ប៉ុន្តែវាជាការបង្កើតហានិភ័យកាន់តែច្រើនវិញនោះ៕