(ខាទុំ)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ SUNA របស់ស៊ូដង់ បានរាយការណ៍ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ស៊ូដង់បានសម្រេចផ្អាក នូវរាល់ការងាររបស់ទូរទស្សន៍ព័ត៌មានរដ្ឋអារ៉ាប៊ីសាឌីត Al Arabiya និង Al Hadath រួមទាំងប៉ុស្តិ៍ Sky News Arabia គ្រប់គ្រងដោយអេមីរ៉ាតអារ៉ាប់រួមផងដែរ ដោយលើកឡើងអំពីកង្វះការប្តេជ្ញាចិត្តនៃស្ថាប័នទាំងនោះ លើជំនាញវិជ្ជាជីវៈ តម្លាភាព និងការខកខានក្នុងការមកបន្តអាជ្ញាប័ណ្ណរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ ២០២៤។

សមាគមអ្នកកាសែតក្នុងប្រទេសស៊ូដង់ Sudanese Journalists Syndicate បានថ្កោលទោសការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ដោយនិយាយថា វាជាការរំលោភបំពានយ៉ាងច្បាស់ លើសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ សេចក្តីថ្លែងការណ៍ របស់សមាគម មានខ្លឹមសារថា «ការបិទបណ្តាញផ្កាយរណប និងការរឹតត្បិតលើអ្នកដែលធ្វើការលើវិស័យនេះ ស្មើនឹងការបិទសំឡេង របស់ប្រព័ន្ធផ្សព្វផ្សាយអាជីព ហើយបើកចំហឱ្យមានការីករាលដាលនូវពាក្យចចាមអារ៉ាម»។ យ៉ាងនេះក្តី Al Hadath ថា នៅមិនទាន់ទទួលបាន ការជូនដំណឹង អំពីការសម្រេចផ្អាកការងាររបស់ខ្លួន និងទូរទស្សន៍ Al Arabiya នោះទេ។

គួរបញ្ជាក់ថា ការសម្រេចនេះកើតឡើង នៅពេលដែលយុទ្ធសាស្ត្របំភិតបំភ័យ ត្រូវបានបន្តដាក់ចេញទៅលើអ្នកកាសែត ដែលបានធ្វើការក្រោមលក្ខខណ្ឌធ្ងន់ធ្ងរ ចាប់តាំងពីសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា ផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣៕