(បាងកក)៖ នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានសម្រេចយល់ព្រមទទួលយកសំណុំរឿងមួយ ដែលទាមទារឱ្យរំលាយគណបក្សប្រឆាំង Move Forward ជុំវិញកិច្ចប្រឹងប្រែងរបស់បក្សនយោបាយនេះ ស្តីពីការចង់ធ្វើកំណែទម្រង់ ច្បាប់ការពារស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤។
កាលពីខែមីនាកន្លងទៅនេះ គណៈកម្មការរៀបចំការបោះឆ្នោតថៃ បានឯកភាពគ្នាជាឯកច្ឆន្ទ ក្នុងការដាក់សំណើទៅកាន់តុលាការធម្មនុញ្ញ ឱ្យរំលាយគណបក្ស Move Forward ដោយសារតែរឿងចង់កែប្រែច្បាប់ការពារប្រឆាំង ការប្រមាថស្ថាប័នព្រះមហាក្សត្រ ដែលមានលក្ខណៈតឹងរ៉ឹងខ្លាំង។ នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃពុធនេះ តុលាការធម្មនុញ្ញ បានប្រកាសថា ខ្លួនសម្រេចទទួលយកសំណើនោះ ដើម្បីធ្វើការកាត់សេចក្តី ហើយទុកពេលឱ្យគណបក្ស Move Forward ១៥ថ្ងៃ ដើម្បីបង្ហាញភស្តុតាងពាក់ព័ន្ធផ្សេងៗ។
វាកើតមានឡើងក្រោយការសម្រេចមួយផ្សេងទៀត កាលពីខែមករា ដើមឆ្នាំនេះ របស់តុលាការធម្មនុញ្ញថៃ ដែលកំណត់ថា កិច្ចប្រឹងប្រែង់របស់គណបក្ស Move Forward ពាក់ព័ន្ធច្បាប់ការពារស្ថាប័នព្រះមហាក្សត្រ គឺស្មើទៅនឹងសកម្មភាពប៉ុនប៉ងផ្តួលរំលំ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។ ទោះបីឈ្នះបានអាសនៈច្រើនជាងគេ ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំមុនក៏ដោយ Move Forward មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្រុមចម្រុះ ដែលបានបង្កើតរដ្ឋាភិបាលថៃបច្ចុប្បន្នឡើយ ហើយអតីតមេដឹកនាំ របស់បក្សនេះ គឺលោក Pita Limjaroenrat ត្រូវបានរារាំងមិនឱ្យទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីអាចក្លាយជានាយករដ្ឋមន្រ្តី។
គួរបញ្ជាក់ថា គណបក្សនយោបាយជំនាន់មុនរបស់ Move Forward គឺបក្ស Future Forward ដែលមានគោលនយោបាយស្រដៀងគ្នា ក៏ធ្លាប់ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចរំលាយចោល កាលពីឆ្នាំ២០២០ម្តងរួចទៅហើយដែរ ដោយសារល្មើសគោលការណ៍ច្បាប់ឃោសនាបោះឆ្នោត៕