(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយនាថ្ងៃពុធនេះ បានកើនដល់៧នាក់ ខណៈតួលេខអ្នកដែលរងរបួស ក៏បានកើនផងដែរ គឺដល់ចំនួន៧៣៦នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤។

អ្នកស្លាប់ទាំងអស់ស្ថិតក្នុងទីក្រុង Hualien ជាតំបន់ភ្នំនៅបណ្តោយឆ្នេរភាគខាងកើតនៃកោះតៃវ៉ាន់ ដែលជាចំណុចរំញ័រកណ្តាល នៃ​គ្រោះរញ្ជួយដីមានកម្រិត៧.៤រ៉ិចទ័រ និងជម្រៅជាង៣០គីឡូម៉ែត្រ។ ហេតុការណ៍រញ្ជួយផែនដីនេះ បានបណ្តាលឱ្យអគារជាច្រើនខ្នងនៅ​តៃវ៉ាន់ដួលរលំ ហើយជំរុញឱ្យប្រទេសជប៉ុននិងហ្វីលីពីន ដែលនៅក្បែរនោះ នាំគ្នាចេញការប្រកាសអាសន្នព្រមានពីរលកស៊ូណាមិផងដែរ មុនពេលពួកវា​ត្រូវបានដកចេញទៅវិញ។ បើតាមក្រុមមន្រ្តីតៃវ៉ាន់ វាគឺជាគ្រោះរញ្ជួយដីកម្រិតដ៏ខ្លាំងបំផុត ដែលបានអង្រួនដែនកោះនេះ គិតក្នុងអំឡុងពេលប្រមាណ២៥ឆ្នាំ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ១៩៩៩ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៦រ៉ិចទ័រ បានផ្តាច់ជីវិតមនុស្សសរុបប្រហែល២,៤០០នាក់ ធ្វើឱ្យវាជាប់​ឈ្មោះជាព្រឹត្តិការណ៍ គ្រោះមហន្តរាយធម្មជាតិដ៏ប្រល័យបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃកោះតៃវ៉ាន់៕