(ប៉ារីស)៖ ក្រុមហ៊ុនផលិតនាវារបស់រដ្ឋាភិបាលបារាំង Naval Group បានប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនទើបតែ​បានចុះកិច្ចព្រមព្រៀងមួយ ជាមួយកងទ័ពជើងទឹកនៃប្រទេសឥណ្ឌូណេស៉ី ស្តីពីការទិញ-លក់នាវាមុជទឹក Scorpene ចំនួន២គ្រឿង ប៉ុន្តែ​ក្រុមហ៊ុនមិនបានបញ្ជាក់តម្លៃនៃកិច្ចព្រមព្រៀងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤។

ក្រុមហ៊ុន Naval Group បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាវាមុជទឹកដែលមានប្រវែង៧២ម៉ែត្រទាំងពីរគ្រឿង នឹងត្រូវផលិតឡើង​នៅក្នុងប្រទេសឥណ្ឌូណេស៉ីផ្ទាល់។ នាវាមុជទឹក Scorpene ដែលអាចផ្ទុកនាវិកបាន៣១នាក់ មានកន្លែងបាញ់មីស៉ីលចំនួន៦កន្លែង និង​អាចផ្ទុកមីស៉ីលបានសរុប១៨គ្រាប់ ហើយមានសមត្ថភាពធ្វើប្រតិបត្តិការ នៅក្រោមទឹកដោយស្វ័យប្រវត្តិ បានរយៈពេល១២ថ្ងៃ។ ប៉ុន្មានឆ្នាំ​​ចុងក្រោយនេះ ឥណ្ឌូណេស៉ីក៏បានចុះកិច្ចព្រមព្រៀងសព្វាវុធធំៗដទៃទៀត ជាមួយបណ្តាក្រុមហ៊ុនរបស់បារាំង ផងដែរ តួយ៉ាងកាលពីឆ្នាំ២០២២ ប្រទេសអាស៊ានមួយនេះ បានបញ្ជាទិញយន្តហោះចម្បាំង Rafale ផលិតដោយក្រុមហ៊ុន Dassault ចំនួន៤២គ្រឿង។

គួរបញ្ជាក់ថា ភាពជាដៃគូផ្នែកការពារជាតិ ដែលកាន់តែទូលំទូលាយ រវាងបារាំងនិងឥណ្ឌូណេស៉ី​ គឺជាផ្នែកនៃអ្វីដែលទីក្រុងប៉ារីសចាត់ទុកជា​ការឆ្លើយតបរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ចំពោះសម្ព័ន្ធភាពយុទ្ធសាស្រ្តថ្មីមួយ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី ហៅកាត់ AUKUS ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០២១៕